(ថៃ)៖ តារាទូរទស្សន៍ថៃស្រស់ស្អាតម្នាក់ ឈ្មោះថា Tangmo ត្រូវបានរាយការណ៍ថា បានធ្លាក់ចូលក្នុងទន្លេ Chao Phraya អំឡុងពេលជិះទូកលេងជាមួយមិត្តភក្តិ ខណៈរហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់រកឃើញនៅឡើយ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា តារាស្រីវ័យ៣៧ឆ្នាំ Tangmo បានជិះទូកល្បឿនលឿនលេងកំសាន្ត ជាមួយមិត្តភក្តិមានគ្នា៦នាក់ ដែលធ្វើដំណើរពីស្ពាន Krung Thon ទីក្រុងបាងកក ទៅស្ពាន Rama VII នៅខេត្ត Nonthaburi។ នាងបានធ្លាក់ចូលក្នុងទន្លេប្រហែលម៉ោង១០យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅម្តុំ កំពង់ផែ Pibulsongkram ស្រុក Muang នៃខេត្ត Nonthaburi ។ ភ្លាមៗនោះប៉ូលិសក៏បានបើកប្រតិបត្តិការ ស្វែងរករហូតដល់ព្រឹកថ្ងៃសុក្រនេះ ក៏នៅមិនទាន់រកឃើញនាងនៅឡើយ។ Tangmo ត្រូវបានគេរាយការណ៍ថា ស្លៀកសម្លៀកបំពាក់ពណ៌ស។

ម្តាយរបស់នាងបានប្រាប់អ្នកយកព័ត៌មាន នៅកន្លែងកើតហេតុថា Tangmo គឺជាអ្នកហែលទឹកដ៏ពូកែម្នាក់តាំងពីកុមារភាព ហើយបងប្រុសរបស់នាងបាននិយាយថា លោកចង់និយាយជាមួយមិត្តភក្តិរបស់ Tangmo ដើម្បីស្វែងយល់ព័ត៌មានបន្ថែម អំពីអ្វីដែលបានកើតឡើង៕