(បរទេស)៖ គណៈកម្មការមូលបត្រអាមេរិក (SEC) កំពុងស៊ើបអង្កេតថាតើការលក់ភាគហ៊ុនថ្មីៗដោយនាយកប្រតិបត្តិ (CEO) Tesla Inc លោក Elon Musk និងបងប្រុសរបស់គាត់ឈ្មោះ Kimbal Musk បានបំពានច្បាប់ស្តីពីមូលបត្រនៅពេលលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនកាលពីចុងឆ្នាំមុនដែរឬទេ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

ការស៊ើបអង្កេតរបស់និយតករគឺផ្តោតលើប្រតិបត្តិការដែលបានកើតឡើងមុនពេល Elon Musk ធ្វើការស្ទង់មតិអ្នកតាមដាន Twitter របស់លោកថាតើលោកគួរតែលក់ភាគហ៊ុន ១០ភាគរយនៅក្នុងក្រុមហ៊ុនដែរឬទេ ខណៈដែល SEC កំពុងពិនិត្យមើលថាតើច្បាប់នៃការជួញដូរខាងក្នុងណាមួយត្រូវបានរំលោភឬអត់នោះ។

ភាគហ៊ុនរបស់Tesla បានធ្លាក់ចុះបន្ទាប់ពីការស្ទង់មតិ Twitter របស់នាយកប្រតិបត្តិ រូបនេះនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ដោយមានការធ្លាក់ចុះច្រើនបំផុតក្នុងរយៈពេល ៥ខែ។ ដោយឡែកកាលពីឆ្នាំមុន លោក Kimbal Musk ដែលជាសមាជិកក្រុមប្រឹក្សាភិបាល Tesla បានលក់ភាគហ៊ុន Tesla ចំនួន ៨៨,៥០០ ដែលមានតម្លៃប្រហែល ១០៨លានដុល្លារអាមេរិកឯណោះ។

ហើយនៅក្នុងខែនេះផងដែរ Tesla បានបង្ហាញថាខ្លួនបានទទួលដីការបស់ SEC នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយតម្រូវឱ្យស្វែងរកព័ត៌មានអំពីដំណើរការអភិបាលកិច្ចរបស់ខ្លួន និងការអនុលោមតាមដំណោះស្រាយដែលវាបានឈានដល់ជាមួយទីភ្នាក់ងារនៅក្នុងខែកញ្ញា ឆ្នាំ ២០១៨ ជុំវិញការបង្ហោះរបស់ Elon Musk ។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ Tesla បានសន្យាថានឹងដាក់ការគ្រប់គ្រងដើម្បីត្រួតពិនិត្យទំនាក់ទំនងនាយកប្រតិបត្តិ ដោយរួមទាំង Twetter ផងដែរបន្ទាប់ពី SEC បានចោទប្រកាន់ថាអ្នកមានបំផុតរបស់ពិភពលោកបានប្រព្រឹត្តិការក្លែងបន្លំមូលបត្រ។

ជម្លោះរវាង SEC និង Elon Musk ត្រូវបានប្រមូលផ្តុំគ្នាជាថ្មី ដោយកាលពីសប្តាហ៍មុននៅពេលដែលមេធាវីរបស់លោក Musk បានប្រាប់តុលាការសហព័ន្ធថា SEC កំពុងកំណត់គោលដៅទៅលើ Musk និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាមួយនឹង «ការស៊ើបអង្កេតមិនឈប់ឈរ» ដោយសារតែនាយកប្រតិបត្តិគឺជា «អ្នករិះគន់រដ្ឋាភិបាលដោយពាក្យសម្តី»៕