(កាតាឡាំង)៖ ក្លិបអេស្ប៉ាញ FC Barcelona បង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងដែលបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយពានក្របខណ្ឌទី២ របស់អឺរ៉ុប UEFA Europa League បន្ទាន់ពីបានយកឈ្នះក្រុមមកលីគអ៉ីតាលី Napoli ៤-២ ដែលជើងទី១ ស្មើគ្នា ១-១ ខណៈវគ្គបន្តនេះមានក្រុមមកពីលីគ La Liga ដល់ទៅ ៣ក្រុមរួមមាន Real Betis និងក្រុម Sevilla។

អ្នកស៊ុតបញ្ចូលទី ៤គ្រាប់របស់ក្លិប Barcelona ធ្វើបានដោយកីឡាករ Jordi Alba បើកការនាំមុខតាំងពីនាទីទី៨ ហើយខ្សែបម្រើ De Jong បន្តស៊ុតបាននៅនាទី១៣ រួមជាមួយខ្សែការពារ Gerard Pique ធ្វើបាននៅនាទី៤៥ ហើយខ្សែប្រយុទ្ធថ្មីថ្មោង Aubameyang រកបាននៅនាទី៥៩ ដ្បិតក្រុម Napoli ធ្វើបានតែ ២គ្រាប់ដោយ Lorenzo Insinge និង Matteo Politano។

សម្រាប់ការចាប់ឆ្នោតគូប្រជែងវគ្គ ១៦ក្រុមនេះនឹងត្រូវធ្វើឡើងនាថ្ងៃសុក្រ ទី២៥ ខែកុម្ភៈនេះ ដោយមានក្រុម West Ham United, Lyon, Monaco, Bayer Leverkusen, Eintracht Frankfurt, Spartak Moscow, Red Star Belgrade, Galatasaray, RB Leipzig, Atalanta, Braga, FC Porto, Rangers, Barcelona, Real Betis និង Sevilla។

មុនការប្រកួតចាប់ផ្តើមរវាង Barcelona និង Napoli កីឡាករទាំងពីរក្រុមក៏បានថតរូបជុំគ្នាអមជាមួយពាក្យស្លោក (Stop War) មានន័យថា (បញ្ឈប់សង្គ្រាម) ដែលបច្ចុប្បន្នមានបញ្ហាឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែនផងនោះ៕