(ហ្ស៊ូរិច)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA ពុំទាន់បានធ្វើការសម្រេចចិត្តណាមួយទៅលើប្រទេសរុស្ស៊ីនោះទេ ដ្បិតប្រទេសដែលបានកំពុងធ្វើទុក្ខបុកម្នេញទៅលើអ៊ុយក្រែនមួយនេះ ក៏ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះលេងជម្រុះ World Cup 2022 ជាបន្តទៀតដែរ។

ប្រធាន FIFA លោក Gianni Infantino ពុំទាន់បានចេញសេចក្តីថ្លែងការណ៍ណាមួយពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី និងអ៊ុយក្រែននោះទេ ដោយបានត្រឹមតែនិយាយយ៉ាងខ្លីថា «រង់ចាំមើលស្ថានភាពជាបន្តទៀតសិន!»

FIFA បានត្រឹមតែស្នើឲ្យរុស្ស៊ីបញ្ឈប់ឥទ្ធិពលរបស់ខ្លួន ដើម្បីឲ្យមានសន្តិភាពឡើងវិញនៅអ៊ុយក្រែន ប៉ុន្តែការដកសិទ្ធិរយៈពេលខ្លីពីរុស្ស៊ីពីការធ្វើម្ចាស់ផ្ទះនោះ មិនទាន់ត្រូវបានធ្វើឡើងនោះទេ ដ្បិតសង្រ្គាមនៅភាគខាងកើតអ៊ុយក្រែនកាន់តែរីកធំឡើងជាបណ្តើរៗហើយនៅថ្ងៃនេះ។

តែយ៉ាងណា ប្រទេសប៉ូឡូញ ស៊ុយអែត និងសាធារណរដ្ឋឆេក ដែលមានកៅអីលេងវគ្គជម្រុះជុំទី២ សម្រាប់ World Cup 2022 បានចេញសេចក្តីថ្លែងការណ៍រួមគ្នាថា ពួកគេនឹងទៅប្រកួតទៅរុស្ស៊ីឡើយ នៅពេលដែលប៉ូឡូញ បានចាប់ឆ្នោតប៉ះរុស្ស៊ីក្នុងវគ្គជម្រុះតំបន់អឺរ៉ុប ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅទីក្រុង Moscow ហើយប្រសិនបើពួកគេ ឈ្នះនឹងបន្តប៉ះស៊ុយអែត ឬសាធារណរដ្ឋឆេកជាបន្តទៀត នៅ៥ថ្ងៃបន្ទាប់៕