(បរទេស)៖ ទីក្រុងធំៗជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរ បានរងការវាយប្រហារដោយគ្រាប់មីស៊ីល និងការបាញ់ផ្លោង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឲ្យកងទ័ពរបស់លោក បើកការវាយលុកប្រទេសអ៊ុយក្រែន កាលពីព្រឹកព្រហាមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ងាកមក តារាល្បីៗនៅលើពិភពលោកវិញ បាននាំគ្នាបង្ហោះសារជាបន្តបន្ទាប់ សម្តែងការតក់ស្លុតជាពន់ពេក ចំពោះហេតុការណ៍មួយនេះ និងនាំគ្នាបួងសួងដល់ប្រជាជនអ៊ុយក្រែន ឲ្យរួចផុតពីគ្រោះថ្នាក់ផងដែរ។

កំពូលតារាហូលីវូដល្បីឈ្មោះ លោកស្រី Angelina Jolie ក៏ស្ថិតក្នុងចំណោមតារាល្បីៗដែលបង្ហោះសារ ពាក់ព័ន្ធសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ តាមរយៈបណ្តាញសង្គម Instagram ផ្ទាល់ខ្លួន លោកស្រី Angelina Jolie បានសរសេរសារយ៉ាងដូច្នេះថា «ដូចយើងរាល់គ្នា នៅពេលនេះខ្ញុំ កំពុងបួងសួងសម្រាប់ប្រជាជនអ៊ុយក្រែន។ អ្វីដែលខ្ញុំ និងក្រុមការងារ ផ្តោតនៅពេលនេះ គឺយើងសង្ឃឹមថា អ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន អាចធានារការពារ សិទ្ធិមនុស្សជាមុន ចំពោះជនភៀសខ្លួនក្នុងតំបន់។ យើងបានឃើញរួចហើយនូវរបាយការណ៍នៃអ្នកស្លាប់ និងមនុស្សដែលចាប់ផ្ដើមភៀសខ្លួនចេញពីផ្ទះ ដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព។ វាពិតជាលឿនពេកហើយក្នុងការទទួលព័ត៌មានថា នឹងមានអ្វីកើតឡើង ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះ សម្រាប់ប្រជាជនអ៊ុយក្រែន និងសម្រាប់នីតិរដ្ឋអន្តរជាតិ-មិនអាចនិយាយលើសពីនេះបានទេ»

ក្រៅពីលោកស្រី Angelina Jolie គេឃើញមានបុគ្គលល្បីៗក្នុងពិភពសិល្បៈ ដូចជាអ្នកនិពន្ធអាមេរិក លោក Stephen King, តារាចម្រៀងរ៉េបអាមេរិក Cardi B រួមនឹងតារាជាច្រើនទៀត បង្ហោះសារក្នុងបណ្តាញសង្គមរបស់ពួកគេ បង្ហាញពីអារម្មណ៍នឹកស្មានមិនដល់ អំពីហេតុការណ៍ដែលកើនឡើង នៅប្រទេសអ៊ុយក្រែនពេលនេះ។ ក្នុងនោះតារាភាគច្រើន បានផ្ញើក្តីស្រឡាញ់ និងសារលើកទឹកចិត្តដល់ប្រជាជនអ៊ុយក្រែន ដែលជាជនរងគ្រោះផងដែរ៕