(ភ្នំពេញ)៖ កីឡាករស្នូលរបស់ក្រុមភ្នំពេញក្រោន និងជម្រើសជាតិកម្ពុជា បានធ្វើការវះកាត់របួសបែកទ្រនាប់ជង្គង់ជើងខាងឆ្វេងដោយជោគជ័យ នៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៤ ខែកុម្ភៈម្សិលមិញ។ បន្ទាប់ពីវះកាត់រួច ពិសុទ្ធ ត្រូវសម្រាកព្យាបាលយ៉ាងហោច ២ខែទៀតដែរ ទើបអាចត្រឡប់ចូលទីលានវិញ។

ខ្សែប្រយុទ្ធកំពុងឡើងជើងរូបនេះបានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រុមសិង្ហក្រហម ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានសហការគ្នាព្យាបាលរបួសរបស់ខ្លួន បន្ទាប់ពីមានបញ្ហា អំឡុងប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជាកាលពីថ្មីៗ។

តាមការអះអាងលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមជើងឯកលីគ ៧សម័យនេះថា ពិសុទ្ធ អាចនឹងត្រូវឃ្លាតឆ្ងាយពីទីលានរយៈពេលប្រមាណ ២ទៅ ៣ខែ ហើយក្លិបសង្ឃឹមថា រូបគេនឹងត្រឡប់មកវិញជាមួយភាពរឹងមាំ សម្រាប់ភ្នំពេញក្រោន ព្រមទាំងឱកាសក្នុងក្រុមជម្រើសជាតិកម្ពុជាផងដែរ។

គួរដឹងថា លឹម ពិសុទ្ធ ត្រូវបានលោក Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា សម្រេចកាត់ចេញពីបញ្ជីឈ្មោះកីឡាករ ២៨នាក់ចុងក្រោយរបស់ក្រុម U23 កម្ពុជាភ្លាមៗ បន្ទាប់ពីពិនិត្យឃើញរបួសរបស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ មិនអាចបន្ដហ្វឹកហាត់ និងប្រកួតបាន នាំឲ្យគេខកខានជួយក្រុម ក្នុងការប្រកួតពានរង្វាន់ AFF U23 Championship 2022 តែម្ដង៕