(ក្រុងឡុងដ៍)៖ ខ្សែបម្រើ Christian Eriksen នឹងបង្ហាញផ្លូវការលើកដំបូងនារាត្រីថ្ងៃសៅរ៍នេះ ពេល Brentford ប៉ះ Newcastle United ក្នុង Premier League ក្រោយខកខាន ៨ខែមកនេះ ដោយសារបញ្ហាជំងឺបេះដូង។

ប្រធានក្រុមជម្រើសជាតិដាណឺម៉ាក Eriksen ពុំទាន់បានលេងប្រកួតផ្លូវការណាមួយនោះទេ គិតចាប់តាំងពីដួលសន្លប់លើទីលានកាលពី Euro 2020 និងត្រូវបានក្លិប Inter Milan បញ្ចប់កិច្ចសន្យាផងដែរ ដោយសារតែច្បាប់នៅប្រទេសអ៉ីតាលី។

តែយ៉ាងណាម្ចាស់កំណត់ត្រាស៊ុតក្រៅប្រអប់នៅលីគកំពូលអង់គ្លេសខាងលើនេះ ត្រៀមចូលលេងលើកដំបូងរាត្រីនេះទល់នឹង Newcastle បន្ទាប់ពីមានឈ្មោះក្នុងបញ្ជីរបស់លោក Thomas Frank អ្នកចាត់ការទូទៅក្លិបឃ្មុំ Brentford រួចមក។
លោកថា «នៅពេលនេះគាត់អាចលេងបានហើយ។ វានឹងអស្ចារ្យម្តងទៀត។ វាជាថ្ងៃដ៏ល្អសម្រាប់ពួកយើង និងជាពិសេសនោះសម្រាប់ Christian Eriksen និងក្រុមគ្រួសាររបស់គេតែម្តង»

សូមជម្រាបថា Eriksen បានផ្ទេរមកចូលរួមជាមួយ Brentford ដោយគ្មានតម្លៃខ្លួន និងព្រមព្រៀងចុះកិច្ចសន្យាលេង ៦ខែផងដែរជាមួយក្លិបដែលទើបឡើងមកលេងនៅ Premier League រដូវកាលនេះ៕