(ភ្នំពេញ)៖ ការប្រកួតកីឡាអេឡិចត្រូនិកលីគអាជីព MPL-KH វគ្គ Spring Split ចាប់ផ្ដើមការប្រកួតវគ្គវិលជុំសន្សំពិន្ទុនៅថ្ងៃទី២៦ ខែកុម្ភៈនេះហើយ ដោយមានក្រុមជើងខ្លាំង ៨ក្រុមចូលរួម ដើម្បីប្រកួតប្រជែងដណ្ដើមជើងឯក ខណៈមានប្រាក់រង្វាន់សម្រាប់ក្រុមជយលាភីសរុបចំនួន ៤ម៉ឺនដុល្លារ។

ចំពោះបេក្ខភាព ៨ក្រុមខាងលើគឺមាន ៤ក្រុមដែលបានជាប់ពីការប្រកួតជម្រុះកាលពីខែមករាកន្លងទៅ រួមមានក្រុម Infamous LG, Divinity Saga, Team Max KH និងក្រុម Logic Esports។ មុនទទួលបានកៅអីវគ្គវិលជុំសន្សំពិន្ទុ ក្រុមទាំង៤ បានឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញកាលពីវគ្គជម្រុះដែលមានក្រុមជាង ៤៦០ក្រុមបានចុះឈ្មោះចូលរួម។

រីឯ ៤ក្រុមទៀតដែលឈរចាំនៅវគ្គវិលជុំសន្សំពិន្ទុនៃព្រឹត្តិការណ៍រៀបចំដោយក្រុមហ៊ុន Moonton Games នេះរួមមានក្រុម Impunity KH, BURN Gaming, Diversity Gaming Quantum និងក្រុមជើងឯកឆ្នាំចាស់ See You Soon។ ក្រុមខ្លាំងៗទាំង៨ នឹងត្រូវប្រកួតវិលជុំសន្សំពិន្ទុចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី២៨ ខែមីនា មុនឈានដល់ការប្រកួតវគ្គខ្វែង និងវគ្គផ្ដាច់ព្រ័ត្រពីថ្ងៃទី០៩-២៤ ខែមេសា ឆ្នាំ២០២២។

សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តក្រុមជយលាភីក្នុងព្រឹត្តិការណ៍ MPL-KH វគ្គ Spring Split ឆ្នាំ២០២២ រួមមានក្រុមជើងឯក នឹងទទួលបាន ១៦,០០០ដុល្លារ, លេខ២ ទទួលបាន ៨,០០០ដុល្លារ, លេខ៣ ទទួលបាន ៥,០០០ដុល្លារ និងលេខ៤ ទទួលបាន ៣,០០០ដុល្លារ។ រីឯក្រុមឈរចំណាត់ថ្នាក់លេខ៥ ដល់លេខ៨ ក៏ទទួលបានថវិកាលើកទឹកចិត្តក្នុងមួយក្រុម ២,០០០ដុល្លារផងដែរ៕