(បាសេឡូណា/ស្តុកហូម)៖ អ្នករៀបចំព្រឹត្តិការណ៍បច្ចេកវិទ្យាពិព័រណ៍ពាណិជ្ជកម្ម Mobile World Congress ប្រចាំឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនរុស្ស៊ីមួយចំនួននឹងត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះទេដោយសារតែជាទណ្ឌកម្មដែលរុស្ស៊ីបានវាយលុកទៅលើអ៊ុយក្រែន។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

ព្រឹត្តិការណ៍ដ៏ធំជាសកលនេះកំពុងត្រៀមធ្វើឡើងចាប់ពីថ្ងៃ២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅឯទីក្រុងបាសេឡូណាដោយមានការចូលរួមជាច្រើនពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗ នៅទូទាំងពិភពលោក។

ដោយឡែកចំពោះក្រុមហ៊ុនរបស់រុស្ស៊ីមួយចំនួននឹងត្រូវបានហាឃាត់ ប៉ុន្តែគេមិនបានធ្វើការបញ្ជាក់ឈ្មោះច្បាស់ៗទេ ដោយគ្រាន់បង្ហាញបន្ថែមថាក្រុមហ៊ុនរុស្ស៊ីមួយចំនួនទៀត នៅតែអាចចូលរួមបានដដែល។ យ៉ាងណាមិញបន្ទាប់ពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនទើបបណ្តាលឱ្យមានការហាមឃាត់នេះកើតឡើង។

គួរជម្រាបដែរថា សម្រាប់ព្រឹត្តិការណ៍បច្ចេកវិទ្យា MWC ២០២២ នេះគេរំពឹងថានឹងមានមនុស្សចូលរួមចន្លោះពី ៤០,០០០ ទៅ ៦០,០០០ នាក់នៅក្នុងកម្មវិធីនេះ ដែលធ្វើឱ្យវាក្លាយជាព្រឹត្តិការណ៍ជួបជុំផ្ទាល់ដ៏ធំបំផុតមួយចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក បើទោះបីជាការរំពឹងទុកនេះនៅតែមានចំនួនទាបជាងឆ្នាំ២០១៩ ក៏ដោយ៕