(បរទេស)៖ បេក្ខភាពរុស្ស៊ីនឹងមិនត្រូវបានអនុញ្ញាត ឱ្យចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រឡងចម្រៀង «Eurovision» នៅឆ្នាំនេះទេ បន្ទាប់ពីសមាជិកអ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត ទាមទារឲ្យអ្នករៀបចំកម្មវិធីនេះ បណ្តេញបេក្ខភាពរុស្ស៉ីមិនឲ្យចូលប្រឡង។ ការហាមឃាត់បេក្ខភាពមកពីរុស្ស៉ីនៅពេលនេះ គឺបន្ទាប់ពីមានការផ្ទុះសង្គ្រាមដ៏កក្រើកនៅអ៊ុយក្រែននាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuter នៅថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២២។

សហភាព ទូរទស្សន៍ អឺរ៉ុប ហៅកាត់ថា EBU ដែលជាស្ថាប័នរៀបចំកម្មវិធីប្រឡងចម្រៀងនេះ បានចេញសេចក្តីប្រកាសថា ការសម្រេចចិត្តនេះ បានឆ្លុះបញ្ចាំងពីវិបត្តិដែលមិនធ្លាប់មានពីមុនមកនៅអ៊ុយក្រែន ដូច្នេះការដាក់បញ្ចូលបេក្ខភាពរុស្ស៉ីឲ្យប្រឡងក្នុងកម្មវិធីនេះ នឹងក្លាយជាប្រការដែលអាម៉ាស់ផងដែរ។ ដោយឡែកងាកមកសមាជិកហ្វាំងឡង់វិញ បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ពួកគេនឹងមិនបញ្ចេូនបេក្ខភាពរបស់ខ្លួនទៅចូលរួមនៅវគ្គផ្តាច់ព្រ័ត្រនោះទេ ប្រសិនបើមានវត្តមានរុស្ស៉ី។

គួរជម្រាបថា កម្មវិធីប្រឡងចម្រៀង «Eurovison» គឺជាព្រឹត្តិការណ៍ទូរទស្សន៍ដ៏ធំមួយ ដែលធ្វើឡើងនៅទីក្រុង Turin ប្រទេសអ៉ីតាលី នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។ ប្រទេសរុស្ស៊ី ដែលត្រូវបានហាមឃាត់ក្នុងឆ្នាំនេះបានចូលរួមចំនួន២៣ដងហើយ ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ១៩៩៤ និងបានឈ្នះការប្រកួតក្នុងឆ្នាំ ២០០៨៕