(ភ្នំពេញ)៖ ជប៉ុន បានសន្យាថា ខ្លួននឹងជួយសាងសង់តារាងបាល់ទាត់ហ្វូតសាល ឱ្យបានមួយយ៉ាងតិចក្នុងមួយវិទ្យាល័យ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងពិធីប្រគល់ និងទទួលតារាងបាល់ទាត់ហ្វូតសាល ជូនវិទ្យាល័យព្រែកលាប កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងទៅនេះ។

ក្នុងពិធីនោះ មានការចូលរួមពីលោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។

តាមរយៈក្រុមហ៊ុនតៃខា ខាំបូឌា ខបភើរេសិន តំណាងរដ្ឋាភិបាលជប៉ុន បានសន្យាថា នឹងជួយកសាងតារាងបាល់ទាត់ហ្វូតសាលឱ្យបានយ៉ាងហោចណាស់មួយ ក្នុងមួយវិទ្យាល័យ ដើម្បីលើកកម្ពស់សុខភាពតាមរយៈទាត់បាល់។
លោក ណូបូ កូបាយ៉ាស៊ី អគ្គនាយកក្រុមហ៊ុនតៃខា ខាំបូឌា ខបភើរេសិន បានប្រាប់ថា ក្រុមហ៊ុនលោកបានបរិច្ចាគតារាងបាល់ទាត់ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពីរ គឺគាំទ្រការលើកកម្ពស់សុខភាពតាមរយៈបាល់ទាត់ និងការរួមចំណែកដល់ការរីកលូតលាស់របស់យុវជន ដោយការបរិច្ចាកផលិតផលដែលរួមបញ្ចូលផលិតផលតៃខា។

លោកបន្តទៀតថា កត្តាសំខាន់ដើម្បីចំណងមិត្តភាពកម្ពុជា-ជប៉ុន និងដើម្បីភាពរីកចម្រើននៃនិស័យបាល់ទាល់កម្ពុជា ដែលរហូតមកដល់ពេលនេះ ក្រុមហ៊ុនលោកបានកសាងតារាងបាល់ទាត់ជូនវិទ្យាល័យនៅកម្ពុជា បានចំនួន៤ មកហើយ។ ក្រុមហ៊ុនលោក នឹងបន្តកសាងនៅតាមវិទ្យាល័យផ្សេងៗទៀត ដោយយ៉ាងហោចណាស់មួយឆ្នាំឱ្យបានមួយយ៉ាងតិច។

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា លោកនឹងជំរុញក្រុមហ៊ុនជប៉ុន ហើយនឹងជួយកម្ពុជាឱ្យរីកចម្រើនលើវិស័យកីឡា។ ជាក់ស្តែងវិស័យកីឡាបាល់ទាត់ ចាប់ផ្តើមរីកចម្រើនម្តងបន្តិចៗហើយ មិនយូរប៉ុន្មានវិស័យមួយនេះ នឹងរីកចម្រើខ្លាំង សំខាន់បានធ្វើឱ្យអ្នកគំាទ្រស្រឡាញ់ពេញចិត្ត ដូចនេះមិនយូរទេ កីឡាបាល់ទាត់នៅកម្ពុជា នឹងរីកចម្រើន។

លោក ហង់ ជួនណារ៉ុន បានលើកឡើងដែរថា ក្នុងនាមក្រសួងអប់រំ លោកសូមអរគុណដល់ប្រជាជនជប៉ុន និងរដ្ឋាភិបាលជប៉ុន ដែលតែងយកចិត្តទុកដាក់ជួយកម្ពុជា លើគ្រប់វិស័យ។ ដោយឡែកវិស័យអប់រំ និងកីឡា ក៏ភាគីជប៉ុន បានជួយច្រើនដែរ ហើយសង្ឃឹមថា ប្រជាជនជប៉ុន និងរដ្ឋាភិបាលជប៉ុន នឹងបន្តជួយកម្ពុជាលើគ្រប់វិស័យទៀត។

សូមបញ្ជាក់ថា តារាងបាល់ទាត់ហ្វូតសាលនៅវិទ្យាល័យព្រែកលាបនេះ មានតម្លៃជាង ៤ម៉ឺនដុល្លារ ដែលមានទទឹងជាង ២០ម៉ែត្រ និងបណ្តោយជាង ៤០ម៉ែត្រ។ ក្នុងឱកាសប្រគល់ និងទទួលតារាងបាល់ទាត់ហ្វូតសាលនេះ លោក ហង់ ជួនណារ៉ុន និងលោក មិកាមិ ម៉ាសាហ៉ីរ៉ូ ក៏បានបាត់បាល់ប៉េណាំងទីបង្ហាញពីសាមគ្គីភាពយូរអង្វែងរវាងកម្ពុជា និងជប៉ុនផងដែរ៕