(ថៃ)៖ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសព របស់តារាសម្តែងទូរទស្សន៍ Nida «Tangmo» ហើយ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈនេះ ដែលអណ្តែតក្នុងទន្លេ Chao Phraya ក្បែរផែ Phibul Songkhram ១ ក្នុងខេត្ត Nonthaburi ពីរថ្ងៃ បន្ទាប់ពីនាងបានធ្លាក់ចូលក្នុងទន្លេ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មានថៃ Bangkok Post នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

លោក Dayos Detjob អាយុ ៤៤ ឆ្នាំ ជាបងប្រុសរបស់តារាសម្តែង Tangmo ដែលបានចូលរួមក្នុងប្រតិបត្តិការស្វែងរកនោះ បានបញ្ជាក់ថា សាកសពដែលប៉ូលីសរកឃើញនេះ គឺជាប្អូនស្រីរបស់លោកពិតមែន។ លោកបានថ្លែងអំណរគុណដល់មនុស្សគ្រប់គ្នា ដែលពាក់ព័ន្ធនឹងការងារនេះ ក្នុងអំឡុងពេលការស្វែងរក រយៈពេល ៣៨ម៉ោង។

ក្រុមអ្នកជួយសង្គ្រោះ បានរាយការណ៍ថា សាកសពត្រូវបានគេប្រទះឃើញអណ្តែតក្នុងទន្លេប្រហែលម៉ោង ១៖១០ រសៀលថ្ងៃសៅរ៍នេះ ប្រហែលមួយគីឡូម៉ែត្រ ពីកន្លែងដែលនាងបានធ្លាក់ពីទូក។ សាកសពត្រូវបានគេដឹកយកទៅកាន់ផែ ដែលម្តាយរបស់ Tangmo ឈ្មោះ Panida Sirayootyotin អាយុ៦៧ឆ្នាំ កំពុងរង់ចាំ រួមជាមួយមិត្តប្រុស និងមិត្តភក្តិរបស់តារាស្រីរូបនេះ។

គួរជម្រាបថា តារាស្រីវ័យ៣៧ឆ្នាំ Tangmo បានជិះទូកល្បឿនលឿនលេងកំសាន្ត ជាមួយមិត្តភក្តិមានគ្នា៦នាក់ ដែលធ្វើដំណើរពីស្ពាន Krung Thon ទីក្រុងបាងកក ទៅស្ពាន Rama VII នៅខេត្ត Nonthaburi។ នាងបានធ្លាក់ចូលក្នុងទន្លេប្រហែលម៉ោង១០យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅម្តុំកំពង់ផែ Pibulsongkram ស្រុក Muang នៃខេត្ត Nonthaburi។

មិនថាតែសាច់ញាតិ និងអ្នកគាំទ្រនៅក្នុងប្រទេសថៃនោះទេ សូម្បីតែអ្នកគាំទ្រតារាស្រី Tangmo នៅក្នុងប្រទេសកម្ពុជា ក៏បានសម្ដែងក្ដីសោកស្ដាយ ចំពោះការបាត់បង់តារារូបនេះ ដោយម្នាក់ៗបានបង្ហាញក្ដីអាឡោះអាល័យដល់រូបនាងជាពន់ពេក៕