(ភ្នំពេញ)៖ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោនបានស្នើ ៦ចំណុចឲ្យពិភពលោកជួយដាក់ទណ្ឌកម្ម និងប្រឆាំងជាមួយរុស្ស៊ី ដែលបានការវាយប្រហារលើប្រទេសអ៊ុយក្រែនកាលពីថ្មីៗ ស្របពេលក្រុមគ្រួសាររបស់ខ្លួន កំពុងស្ថិតនៅទីនោះ និងត្រៀមភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាពផងដែរ។

គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនខាងលើបានបញ្ជាក់ថា «តើខ្ញុំអាចធ្វើអ្វី ដើម្បីជួយអ៊ុយក្រែន? គ្មានបញ្ហាទេ ថាអ្នករស់នៅទីណានោះ សូមអាន៖ កងទ័ពអ៊ុយក្រែន បានកំពុងប្រយុទ្ធ ដើម្បីការពារជនស៊ីវិលតាមដែលអាចធ្វើទៅបាន ដ្បិតជួបការលំបាកដែលត្រូវប៉ះប្រទេសខ្លាំង ដូចជារុស្ស៊ីនេះ ដែលបានវាយប្រហារពួកយើងយ៉ាងសន្ធាប់ និងលឿនរហ័ស។ នៅពេលនេះពួកយើងមិនខ្វល់ទេ បើទោះបីក្រុមនយោបាយលោកខាងលិចមិនជួយពួកយើងក៏ដោយ ក៏ពួកយើងមិនចង់បន្ថែមសំពាធដល់ពួកគេដូចគ្នា ក្នុងការសុំជំនួយនោះ»

អ្វីជាសំណើរួមមាន៖
១៖ បន្ថែមទណ្ឌកម្មផ្នែកសេដ្ឋកិច្ចដល់រុស្ស៊ីថែមទៀត រួមទាំងដកចេញពីសមាជិកពាណិជ្ជកម្មពិភពលោក។
២៖ ទុកឲ្យរុស្ស៊ីជាប្រទេសឯកោគ្រប់ផ្នែកទាំងអស់ទាំងការទូត និងពាណិជ្ជកម្មផងដែរ
៣៖ ផ្តល់ឲ្យអ៊ុយក្រែននូវសព្វាវុធ ជាពិសេសអាវុធកំទេចយន្តហោះ
៤៖ ដាក់ទណ្ឌកម្មដោយផ្ទាល់ទៅលើមន្រ្តីធំៗរុស្ស៊ី រួមទាំងលោកពូទីន ផងដែរ
៥៖ ផ្តល់ហិរញ្ញវត្ថុច្រើនថែមទៀតដល់អ៊ុយក្រែន
៦៖ ទាំងនេះជាចំណុចលំបាក និងទទួលយក។ ពួកគេមិនចង់បានវាទេ ក៏ប៉ុន្តែអ្នកត្រូវតែស្នើសុំ ដើម្បីជួយសង្រ្គោះអ៊ុយក្រែនពីអាកាស យ៉ាងហោចណាស់ក៏ប្រឆាំងនឹងមីស៊ីលរុស្ស៊ីដែរ។

ទន្ទឹមជាមួយការស្នើសុំឲ្យរួមគ្នាប្រឆាំង និងបញ្ឈប់សង្គ្រាមនៅប្រទេសកំណើតពីសំណាក់លោក Oleg នេះ គេឃើញក្លិបភ្នំពេញក្រោន ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយសម្ដែងនូវក្ដីបារម្ភចំពោះក្រុមគ្រួសាររបស់សមាជិកខ្លួន ៣រូបដែលកំពុងស្ថិតនៅប្រទេសអ៊ុយក្រែននាពេលនេះផងដែរ គឺមានលោក Oleg និងគ្រូជំនួយលោក Anatolii ព្រមទាំងខ្សែប្រយុទ្ធ Valeriy Hryshyn ដែលកំពុងរស់នៅកម្ពុជាបច្ចុប្បន្នផងដែរ។

ក្រុមសិង្ហក្រហមខាងលើបានប្រកាសលើបណ្ដាញសង្គមរបស់ខ្លួនថា «យើងទាំងអស់គ្នាមានក្តីព្រួយបារម្ភ ក៏ដូចជាយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ក្រុមគ្រួសារលោកគ្រូ Oleg លោក Anatolii និងកីឡាករ Valerii ដែលកំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន។ សួមបួងសួងឲ្យស្ថានភាពនៅទីនោះមានភាពប្រសើរឡើងវិញក្នុងពេលឆាប់ៗ និងសូមឲ្យសន្តិភាពកើតមានឡើង សម្រាប់ប្រជាជាតិទាំងអស់នៅទូទាំងពិភពលោក»

គួរដឹងថា រុស្ស៊ី បានបើកការវាយប្រហារលើអ៊ុយក្រែន ដែលជាប្រទេសជិតខាងគ្នាកាលពីថ្ងៃទី២៤ ខែកុម្ភៈ តាមរយៈការបាញ់គ្រាប់មីស៊ីល និងទម្លាក់គ្រាប់បែក ដោយយន្ដហោះជាច្រើនគ្រឿង ដែលរហូតមកទល់ពេលនេះបានបណ្ដាលឲ្យប្រជាជនអ៊ុយក្រែនជាច្រើននាក់បានស្លាប់ និងរងរបួស៕