(ក្រុងឡុងដ៍)៖ ហង្សក្រហម Liverpool បានក្លាយជាជើងឯកពាន League Cup (Carabao Cup) ឆ្នាំ២០២២ នៅពេលយកឈ្នះគូប្រជែងតោខៀវ Chelsea ដោយបាល់ ១១ម៉ែត្រ នៅពេល Kepa ដែលត្រូវបានប្តូរចូលនោះ ទាត់បាល់ប៉េណាល់ទីអត់ចូលសម្រាប់ទី២២។

ជំនួបរវាងក្រុមខ្លាំងប៉ះមកពី Premier League ទាំងពីរ គឺបានឈានដល់ទាត់បាល់ ១១ម៉េត្រកាត់សេចក្តី ដ្បិតប្រកួត ១២០នាទីស្មើគ្នា ០-០ នៅកីឡដ្ឋាន Wembley នារាត្រីថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៨៥៥១២នាក់ សម្រាប់វគ្គផ្តាច់ព្រ័ត្រនេះ។

កីឡាករចាំទីសញ្ជាតិអេស្ប៉ាញ Kepa Arrizabalaga ដែលត្រូវបានប្តូរចូលនៅនាទី១២០ ជំនួស Edouard Mendy ដើម្បីចាប់បាល់ ១១ម៉ែត្រនោះ បែរជាធ្វេសប្រហែសខ្លួនឯងទាត់អត់ចូលទៅវិញ នៅពេលមានឱកាសទាត់គ្រាប់ចុងក្រោយសម្រាប់ក្រុមរបស់លោក Thomas Tuchel។

យ៉ាងណាពាន League Cup បានក្លាយជាពានដំបូងសម្រាប់ Liverpool ដែលឈ្នះក្នុងរដូវកាលឆ្នាំ២០២១-២០២២ ដ្បិតនៅ Premier League ចាញ់ក្រុមកំពូលតារាង Manchester City ៦ពិន្ទុ និងកំពុងលេងពានធំ UEFA Champions League ផងដែរដែលបានឆ្លងចូលវគ្គ ១៦ក្រុមទៅហើយនោះ៕