(ហ្សូរិច)៖ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានធ្វើការហាមប្រាមរុស្ស៊ី មិនឲ្យមានការដាក់ទង់ជាតិ ក៏ដូចជាចាក់ភ្លេងជាតិឡើយក្នុងការប្រកួតជាលក្ខណៈអន្តរជាតិនានាចាប់ពេលនេះតទៅ ជាការឆ្លើយតបទៅនឹងរុស្ស៊ីដែលបានលើកទ័ពចូលលុកលុយប្រទេសអ៊ុយក្រែននាពេលថ្មីៗនេះ។

FIFA បានប្រាប់ទៅរុស្ស៊ីថា សម្រាប់ការប្រកួតដែលនឹងមកដល់នាពេលខាងមុខនេះ ក្រុមបាល់ទាត់ជម្រើសជាតិត្រូវតែប្រកួតនៅក្នុងទីលានអព្យាក្រិត្យ ដោយពុំមានដាក់បង្ហាញទង់ជាតិរុស្ស៊ី និងភ្លេងជាតិបន្លឺឡើងឡើយ។

ក្នុងសេចក្តីថ្លែងការណ៍របស់ FIFA បានបញ្ជាក់ថា «FIFA មានការសោកស្តាយដែលរុស្ស៊ីសម្រេចជ្រើសរើសប្រើកំលាំងទ័ពទៅលើអ៊ុយក្រែន។ ហិង្សាពុំមែនជាដំណោះស្រាយទេ ហើយស្ថាប័ននេះក៏ជំរុញឲ្យដោះស្រាយប្រកបដោយសន្តិវិធី ដើម្បីសុវត្ថិភាពដល់ប្រជាជនអ៊ុយក្រែន»

ដូចគ្នានោះដែរ ប្រជាជាតិជាច្រើនជាពិសេសប្រទេសនៅអឺរ៉ុបតែម្តង បានប្រកាសពីចូលរួមប្រកួតកីឡាបាល់ទាត់ជាមួយ រុស្ស៊ីឡើយមានដូចជា អង់គ្លេស វ៉េល ប៉ូឡូញ សាធារណរដ្ឋឆេក និងស៊ុយអែតជាដើម។

សម្រាប់ឯវគ្គជម្រុះ World Cup 2022 ដែលនឹងមកដល់នាខែមីនាខាងមុខ ប៉ូឡូញ ឆេក និងស៊ុយអែត ក៏បានធ្វើការបដិសេធមិនធ្វើការប្រកួតនៅទឹកដីរុស្ស៊ីដែរ ក្រោយពេលប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាកងទ័ពចូលធ្វើសង្រ្គាមនៅប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន៕