(អុ៊យក្រែន)៖ ប្រជាជនស៉ីវិលរាប់រយនាក់របស់អ៊ុយក្រែន បានសម្រេចចូលជួរកងទ័ព ដើម្បីចូលរួមប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី ស្របពេលប្រទេសនេះ កំពុងរងការវាយប្រហារពីសំណាក់រុស្ស៉ី។ ក្នុងចំណោមនេះ មានបវរកញ្ញាស្រស់ស្អាតម្នាក់របស់អ៊ុយក្រែន ដែលធ្លាប់ចូលរួមប្រឡងក្នុងកម្មវិធី «Miss Grand International» កញ្ញា Anastasiia Lenna ក៏បានសម្រេចចូលកងទ័ពផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

បង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គម Instagram របស់ខ្លួន កញ្ញា Anastasiia Lenna បានសរសេរសារពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការចូលរួមក្នុងជួរកងទ័ពអ៊ុយក្រែន ដើម្បីតស៊ូប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី។

អតីតបវរកញ្ញារូបនេះ មានវ័យ៣១ឆ្នាំ និងធ្លាប់តំណាងប្រទេសអ៊ុយក្រែន ទៅចូលរួមប្រកួតក្នុងកម្មវិធី «Miss Grand International» ឆ្នាំ២០១៥។ នាងក៏ត្រូវបានគេដឹងថា ចេះប្រាំភាសា ហើយបានធ្វើការជាអ្នកបកប្រែ និងអ្នកគ្រប់គ្រងទំនាក់ទំនងសាធារណៈនៅក្នុងប្រទេសទួរគីផងដែរ។

គួរបញ្ជាក់ថា ក្រោយការវាយប្រហារទឹកដីអ៊ុយក្រែន ពីសំណាក់កងទ័ពរុស្ស៊ីនៅថ្ងៃទី៤ (ត្រូវនឹងថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ) បានកន្លងផុតទៅ វិនាសកម្ម និងមនុស្សបាត់បង់ជីវិតបន្ថែមទៀត ត្រូវបានរាយការណ៍។ បើតាមរបាយការណ៍ពីអ៊ុយក្រែន ជនស៊ីវិលសរុប ៣៥២នាក់ហើយបានស្លាប់ (១៤នាក់ជាកុមារ) និង ១,៦៨៤នាក់ទៀតរងរបួស។ ន្ថែមពីខាងលើនេះ, ចំនួនជនភៀសខ្លួនពីអ៊ុយក្រែន ដែលបានរត់គេចចេញពីសង្គ្រាមដើម្បីទៅជ្រកកោណ នៅតាមបណ្តាប្រទេសអឺរ៉ុបជិតខាងនោះ បានកើនឡើងដល់ជិត ៤០០,០០០សែននាក់ផងដែរ៕