(ភ្នំពេញ)៖ ក្រសួងផែនការបានបញ្ជាក់ថា ការចុះធ្វើជំរឿនសេដ្ឋកិច្ចនឹងចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២២។

ក្នុងយុទ្ធនាការនេះ គណៈកម្មាធិការជាតិជំរឿនសេដ្ឋកិច្ច នឹងចាត់តាំងមន្ត្រីជំរឿនឱ្យចុះ ទៅដល់មូលដ្ឋាននៃអង្គភាពសេដ្ឋកិច្ចគ្រប់ខ្នាត គ្រប់ប្រភេទទាំងអស់ រួមមានសហគ្រាសរដ្ឋ ឯកជន ក្រុមហ៊ុន រោងចក្រ សិប្បកម្ម វត្តអារាម សេវាកម្មផ្សេងៗ និងអាជីវកម្មលក់ដុំ លក់រាយ មិនថាជាតូបលក់ចាប់ហួយ តូបលក់នំបញ្ចុក តូបលក់ចេកចៀន។ល។ ពោលគឺឱ្យតែមានទីតាំងជាក់លាក់ មន្រ្តីជំរឿននឹងធ្វើការចុះទៅសួរសម្ភាសន៍ យកទិន្នន័យព័ត៌មានផ្សេងៗ ដែលទាក់ទងនឹងអាជីវកម្មនោះ។

ជំរឿនសេដ្ឋកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលទិន្នន័យសូចនាករសំខាន់ៗ ទាក់ទងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម សម្រាប់ជាធាតុចូល ក្នុងការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍជាតិ គោលនយោបាយផ្សេងៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចនូវគោលដៅអភិវឌ្ឍប្រកប ដោយចីរភាពនៅឆ្នាំ ២០៣០។

គួរបញ្ជាក់ផងដែលថា រាល់ព័ត៌មានទិន្នន័យ ដែលទទួលបានពីការធ្វើជំរឿនសេដ្ឋកិច្ច ឬពីអង្គភាពសេដ្ឋកិច្ចទាំងអស់ នឹងត្រូវរក្សាជាសម្ងាត់ ដោយប្រើប្រាស់សម្រាប់តែការងារស្ថិតិតែប៉ុណ្ណោះ មិនប្រើប្រាស់សម្រាប់ការងារពន្ធដារនោះទេ។

ជំរឿនសេដ្ឋកិច្ច ត្រូវបានធ្វើឡើងជារៀងរាល់ ១០ ឆ្នាំម្ដង ដោយផ្អែកលើមូលដ្ឋានច្បាប់ស្តីពីស្ថិតិនៅមាត្រា ៦ ៧ ៨ និងអនុក្រឹតលេខ ១៥១ អ ន ក្រ.ប ក ចុះថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០១៩ ស្ដីពីការកំណត់កាលបរិច្ឆេទ ការរៀបចំ និងការប្រព្រឹត្តទៅនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ២០២២។

សូមម្ចាស់អង្គភាពសេដ្ឋកិច្ចត្រៀមខ្លួនទាំងអស់ ចូលរួមផ្តល់ព័ត៌មាន និងទិន្នន័យជាក់លាក់ដល់មន្រ្តីជំរឿនទាំងអស់គ្នា៕