(ភ្នំពេញ)៖ ធនាគារ អូរៀនថល ភីអិលស៊ី ជាធនាគារថ្មីមួយ ដែលមានយុទ្ធសាស្ត្របែបប្រព័ន្ធឌីជីថលដំបូងគេនៅក្នុងប្រទេសកម្ពុជា បានប្រកាសនៅក្នុងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ខ្លួនបានជ្រើសរើសអ្នកផ្តល់ប្រព័ន្ធបច្ចេកវិទ្យាទូទាត់ជាសកល BPC ដើម្បីជំរុញឱ្យមានការប្រើប្រាស់ប្រព័ន្ធនាគារតាមបែបឌីជីថលរបស់ខ្លួន។

ប្រទេសកម្ពុជាបានចរាចររូបិយប័ណ្ណជាង២២ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយអក្ខរកម្មឌីជីថលក៏បានកំពុងកើនឡើងផងដែរ។ គណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំអាស៊ី និងប៉ាស៊ីហ្វិក បានរាយការណ៍ថា ១៥.១៦ ភាគរយនៃចំនួនប្រជាជនបានធ្វើ ឬក៏ទទួលបានការទូទាត់តាមបែបឌីជីថលក្នុងអំឡុងឆ្នាំ២០១៩ នេះជាការបង្ហាញពីការកើនឡើងយ៉ាងឆាប់រហ័ស នៃតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធបែបឌីជីថល។

ធនាគារពាណិជ្ជថ្មីបំផុតរបស់ប្រទេសអាស៊ីអាគ្នេយ៍ មានគោលបំណងចាប់យកចំណែកទីផ្សារដ៏ច្រើន នៃអ្នកប្រើប្រាស់ដែលមានចំណេះដឹង ផ្នែកបច្ចេកវិទ្យាក៏ដូចជា អ្នកដែលចូលចិត្តទទួលយកបទពិសោធន៍សេវាធនាគារបែបបុរាណ។ យុទ្ធសាស្រ្តនេះនឹងធ្វើឱ្យគេមើលឃើញថាធនាគារ អូរៀនថល ភីអិលស៊ី បានផ្សារភ្ជាប់នូវវិធីសាស្រ្តបែបឌីជីថល៦០ភាគរយ និង៤០ភាគរយទៀត ជាវិធីសាស្រ្តសេវាធនាគារតាមបែបធម្មតា។

ទំរង់កម្មវិធី Smart Vista របស់ក្រុមហ៊ុន BPC នឹងត្រូវបានដាក់ឲ្យប្រើ ដើម្បីជំរុញឱ្យទទួលបានបទទពិសោធន៍នៃការប្រើប្រាស់សេវាធនាគា តាមបែបប្រព័ន្ធឌីជីថលដោយអតិថិជនដឹងពីរបៀបបើកគណនី ការដាក់ប្រាក់ និងការផ្ទេរប្រាក់ដោយខ្លួនឯង។ លើសពីនេះវាក៏នឹងត្រូវបានប្រើ ដើម្បីជំរុញឱ្យមានបទពិសោធន៍ ក្នុងការទូទាត់ប្រាក់ពីដើមដល់ចប់ ដែលប្រកបដោយសុវត្ថិភាព និងគ្មានភាពរអាក់រអួលរួមទាំង កាប្រើប្រាស់ QR កូដ ការចេញកាត កម្មវិធីកម្ចីបែបឌីជីថល និងបណ្តាញធនាគារដែលផ្តល់សេវាកម្មស្វ័យប្រវត្តិផ្សេងទៀតដូចជាសេវាអេធីអឹមជាដើម។

លោក Datuk Phan Ying Tong ស្ថាបនិក និងជានាយកគ្របគ្រង នៃធនាគារ អូរៀនថល ភីអិលស៊ី បានថ្លែងថា «ធនាគារ អូរៀនថល កំពុងរួមបញ្ចូលគ្នានូវបច្ចេកវិទ្យា និងមនុស្សលោក ដើម្បីធានាបានថា នៅតែអាចទំនាក់ទំនងទៅកាន់អតិថិជនបាន មិនថាពួកគេប្រើប្រាស់ចេញ ពីចំណុចណាក៏ដោយ។ យើងបានជ្រើសរើស BPC ដោយសារមើលឃើញពី ការយល់ដឹងដ៏ទូលំទូលាយរបស់ពួកគេអំពីទីផ្សារក្នុងស្រុក និងល្បឿនប្រកួតប្រជែងរបស់ពួកគេ ក្នុងការផ្តល់សេវាធនាគារថ្មីពីកំរិតមូលដ្ឋាន ជាមួយនឹង BPC យើងមានជំនឿ និងពឹងផ្អែកទៅ លើដៃគូក្នុងស្រុកដ៏រឹងមាំដែលនឹងធ្វើឱ្យយើងអាចលូតលាស់ និងបបង្កើនសក្តានុពលរបស់យើងទៅលើការពង្រីកទីផ្សារ»

លោក Terry Paleologos នាយកគ្រប់គ្រង BPC អាស៊ីប៉ាស៊ីហ្វិច បានគូសបញ្ជាក់ថា «BPC មានចំណែកទីផ្សារ និងវត្តមានដ៏រឹងមាំនៅកម្ពុជា ជាមួយនឹងក្រុមការងារក្នុងស្រុក ដែលបានបង្កើតឡើង និងផ្តល់ទំនុកចិត្តយ៉ាងពេញលេញ ក្នុងការគាំទ្រអតិថិជន និងដៃគូ។ តម្រូវការសម្រាប់របៀបរស់នៅបែបឌីជីថល គឺមានភាពងាយស្រួល ដូច្នេះហើយយើងបានឃើញ ពីគម្រោងផ្លាស់ប្តូរធំៗផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ការកសាង neobank ពីមូលដ្ឋានគឺជាគំនិតផ្តួចផ្តើមដ៏គួរឱ្យស្ញប់ស្ញែង ដោយសារការផ្តួចផ្តើមនេះ នឹងនាំមកនូវបទពិសោធន៍បែបឌីជីថលដំបូង ដល់អតិថិជនដែលមានតម្រូវការក្នុងការប្រើប្រាស់»

លោកបានបញ្ជាក់បន្ថែមថា យើងមានទំនុកចិត្តជាមួយនឹងភាពជាដៃគូនេះទាំងធនាគារ អូរៀនថល និង BPC កំពុងត្រួសត្រាយផ្លូវឆ្ពោះទៅរកភាពអស្ចារ្យជាមួយគ្នា។

សូមជម្រាបថាអស់រយៈពេលជាង២៥ឆ្នាំ BPC បានឈានមុខគេក្នុងបដិវត្តន៍ឌីជីថល ដោយបានដាក់ឲ្យដំណើរការ តាមស្ថាប័នហិរញ្ញវត្ថុជាង៣៥០ ស្ថាប័ន នៅក្នុងប្រទេសជាង១០០ជាមួយនឹងសេវាកម្មធនាគារទំនើបៗ និងដំណោះស្រាយនៅក្នុងការទូទាត់ផ្សេងៗទៀត។ ធនាគារ អូរៀនថល គឺជាធនាគារពាណិជ្ជថ្មីបំផុតរបស់កម្ពុជា ដែលមានបំណងផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុឆាប់រហ័សសម្រាប់កម្ពុជា ចូលក្នុងយុគសម័យឌីជីថល៕