(ភ្នំពេញ)៖ ក្រុមនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានរួមគ្នាអនុវត្តកិច្ចការជួយសង្គមចំនួន១០គម្រោងនៅតាមទីតាំងភូមិសាស្រ្តផ្សេងៗគ្នានៃប្រទេសកម្ពុជា ផ្ដោតទៅលើកិច្ចការងារសង្គម សហគមន៍ មនុស្សជាតិ ការអភិរក្សសត្វព្រៃ ក៏ដូចជាការថែរក្សាបរិស្ថានជាដើម។

យោងតាមការពិនិត្យជាក់ស្ដែងនៃបញ្ហាមួយចំនួនដែលកំពុងតែកើតឡើងនៅក្នុងសង្គមសព្វថ្ងៃ លោក ថៃ ស៊ីណាចិត្រា ព្រមទាំងក្រុមយុវជននិស្សិតទាំងអស់បានផ្ដួចផ្ដើមនូវគំនិតមួយចំនួន ដើម្បីលើកតម្កើងនិងជួយផ្គត់ផ្គង់ការងារមួយចំនួននៅតាមសហគមន៍ និងតំបន់មួយចំនួនដែលខ្វះខាតហើយពិតជាត្រូវការការជួយផ្គត់ផ្គង់ពីក្រុមយុវជនទាំងអស់គ្នា។

លោក ថៃ ស៊ីណាចិត្រា បានបញ្ជាក់ថា គម្រោងទាំង១០នោះមានព័ត៌មាន និងខ្លឹមសារលម្អិតដូចខាងក្រោម៖

១៖ គម្រោង «My Plant My Oxygen» គឺជាគម្រោងដាំដើមឈើមួយដែលមានគោលបំណងបន្សល់ទុកនូវកេរមរតកបរិស្ថានជាបន្តបន្ទាប់ សម្រាប់អនាគតយូរអង្វែងនៃព្រៃកោងកាងនៅកម្ពុជា ក៏ដូចជាជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍ បង្កើតនិរន្តរភាព បង្កើនការយល់ដឹងពីអត្ថប្រយោជន៍និងសារៈសំខាន់នៃព្រៃកោងកាង ព្រមទាំងលើកកម្ពស់ទេសចរណ៍ធម្មជាតិនៅខេត្តកំពត។ ចក្ខុវិស័យនៃការបង្កើតគម្រោងនេះ គឺដើម្បីក្លាយជាផ្នែកមួយនៃទំនួលខុសត្រូវសង្គមសាជីវកម្មក្នុងការលើកកម្ពស់តំបន់បៃតង និងការយល់ដឹងអំពីសារៈសំខាន់នៃការដាំដើមឈើចំពោះបរិស្ថាន និងសង្គម។ គម្រោងនេះដែរមានអ្នកចូលរួមចំនួន៤២នាក់ដែលបានបញ្ចប់ការដាំដើមកោងកាងចំនួន៥០០ដើម ប្រកបដោយភាពជោគជ័យ ដើម្បីបរិស្ថានបៃតងនៅទីនោះ។

២៖ គម្រោង «ENV Youth Clean Up» ជាគម្រោងកម្មសិក្សាមួយដែលមានគោលបំណងនិងឆន្ទៈខ្ពស់ ដើម្បីចូលរួមលើកស្ទួយដល់កម្រិតបរិស្ថាននៅក្នុងតំបន់ឱ្យកាន់តែល្អប្រសើរឡើងជាលំដាប់។ បរិស្ថានស្អាតជាចំណែកមួយដែលជួយទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យចូលមកទស្សនា និងធ្វើដំណើរកម្សាន្តនានា ក្រៅពីនេះបរិស្ថានដែលស្អាត គ្មានសំរាម និងគ្មានការបំពុលផ្សេងៗ ក៏ជះឥទ្ធិពលល្អដល់សុខភាពប្រជាជននៅក្នុងតំបន់នោះផ្ទាល់ផងដែរ។ លើសពីនេះទៅទៀត នៅក្នុងគម្រោងតែមួយដដែលនេះក៏មានបូករួមបន្ថែមនូវការឧបត្ថម្ភជាសម្ភារសិក្សា រួមទាំងថវិកាមួយចំនួន ដើម្បីផ្គត់ផ្គង់ដល់សាលា និងសិស្សានុសិស្សដែលកំពុងមានជីវភាពខ្វះខាតចំនួន១០៨នាក់ ក្នុងគោលបំណងជួយលើកស្ទួយវិស័យអប់រំ ដោយលើកកម្ពស់ការសិក្សា និងកម្រិតចំណេះដឹងដល់សិស្សានុសិស្សដែលមានជីវភាពគ្រួសារកំពុងខ្វះខាតទាំងអស់ឱ្យមានលទ្ធភាពបន្តការសិក្សា។

៣៖ គម្រោង «ទិសដៅថ្មលយ» ដោយហេតុថា ថ្មលយ (នៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យ) មានការពេញនិយមពីអ្នកទេសចរជាច្រើននាប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្មលយក្លាយជាទីកន្លែងមួយពេញនិយមសម្រាប់ការថតរូប មើលថ្ងៃរះ មើលកញ្ចុំផ្កាយកាឡាក់ស៊ីមីលគីវ៉េ ព្រមទាំងការបោះតង់សម្រាកកម្សាន្តជាទីពេញនិយមបំផុត។ ដោយសង្កេតឃើញថាស្ថានភាពផ្លូវទៅថ្មលយមានសភាពបត់បែន និងផ្លូវបំបែកជាច្រើន បង្កជាឧបសគ្គសម្រាប់អ្នកទេសចរ ពិបាកស្វែងរកផ្លូវ ហើយអាចវង្វេងផ្លូវក្នុងកណ្តាលព្រៃជ្រៅ និងពុំបានរៀបចំការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅឡើយ គម្រោងនេះមិនត្រឹមតែជួយបង្ហាញផ្លាកទិសដៅទៅថ្មលយប៉ុណ្ណោះទេ វាថែមទាំងប្រាប់ពីចម្ងាយ និងពេលវេលានៃការធ្វើដំណើរថែមទៀតផង។

៤៖ គម្រោង «We Share We Care» ត្រូវបានបង្កើតឡើងដើម្បីជួយដល់ការអនុវត្តការអប់រំជំនាញ និងការថែទាំសុខភាពប្រកបដោយនិរន្តរភាពសម្រាប់សិស្សក្រីក្រ និងសិស្សដែលរស់នៅតំបន់ដាច់ស្រយាលនៅតាមជនបទនៃប្រទេសកម្ពុជា តាមរយៈការបរិច្ចាគ និងការងារស្ម័គ្រចិត្តតាមលទ្ធភាពដែលក្រុមការងារអាចធ្វើទៅបាន។ ដោយសាររដ្ឋាភិបាលអនុញ្ញាតឱ្យសិស្សត្រឡប់មកសាលាវិញនៅដើមខែវិច្ឆិកាកន្លងមក សិស្សភាគច្រើនត្រូវការសម្ភារៈសិក្សាមួយចំនួន។ គម្រោងនេះបានផ្តល់នូវដើមឈើចំនួន១០ដើម សម្ភារសម្អាត សម្ភារកីឡា ធុងសំរាម និងកាតាបចំនួន២០០ឈុត ដោយក្នុង១ឈុត រួមមាន ដបទឹកអាកុល ម៉ាស់ សៀវភៅ ខ្មៅដៃពណ៌ និងសម្ភារបរិក្ខារជាច្រើនទៀតដល់សាលាបឋមសិក្សាបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

៥៖ គម្រោង «Domrei-ដំរី» ត្រូវបានបង្កើតឡើក្នុងគោលបំណងអភិរក្សសត្វដំរី និងជួយដល់ប្រជាជនក្នុងសហគមន៍នៅភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្រុមការងារដំរីបានសង្កេតឃើញថា ដំរីនៅក្នុងប្រទេសកម្ពុជាភាគច្រើនខ្វះការថែទាំ និងត្រូវបានប្រើប្រាស់សម្រាប់បម្រើការក្នុងវិស័យទេសចរណ៍ ជាពិសេសក្នុងខេត្តសៀមរាប។ លើសពីនេះទៅទៀត ក្រុមការងារដំរីបានសង្កេតឃើញថា ការរាតត្បាតនៃជំងឺកូវីដ-១៩ធ្វើឱ្យប៉ះពាល់ដល់បញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ។ «Domrei-ដំរី» បង្កើតដើម្បីផ្សព្វផ្សាយឱ្យមានការលើកស្ទួយការអភិរក្សសត្វដំរីនៅក្នុងប្រទេសកម្ពុជា ព្រមទាំងជួយសម្រាលទុក្ខលំបាករបស់ប្រជាជននៅតំបន់ជើងភ្នំគូលែននោះផងដែរ។

៦៖ «ដំណើរកម្សាន្តដើម្បីសហគមន៍ខ្ញុំ ឬ Trip For Our Community» គឺជាគម្រោងដែលបង្កើតឡើងដើម្បីលើកស្ទួយដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈមនឹងការខ្វះខាតទាំងថវិកា ស្បៀង ឱសថ សម្ភារៈប្រើប្រាស់ ដោយការបរិច្ចាគ ក៏ដូចជាបង្កើតឱកាសកាងារដល់ប្រជាពលរដ្ឋដោយការធ្វើដំណើរកម្សាន្ត។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី២១-២២-២៣ ខែមករា ឆ្នាំ២០២២ នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

៧៖ គម្រោង «Helping Hand» ក្រុម Helping Hand មានគំនិតផ្ដួចផ្ដើមយុទ្ធនាការស្វែងរកមូលនិធិជួយលោកតារត់ស៊ីក្លូចំនួន១០០នាក់ ដោយសារពួកគេមើលឃើញពីភាពលំបាករបស់លោកតារត់ស៊ីក្លូកំពុងជួបការលំបាកនាអំឡុងការរាតត្បាតកូវីដ១៩ និងភាពជឿនលឿននៃបច្ចេកវិទ្យា ដែលជាហេតុធ្វើឱ្យពួកគាត់មិនមានលទ្ធភាពផ្គត់ផ្គង់ជីវភាពបានសមរម្យ។ បន្ថែមពីនោះ គម្រោងនេះមិនត្រឹមតែជួយស្វែងរកមូលនិធិប៉ុណ្ណោះទេ ក៏មានការផ្សព្វផ្សាយនៅលើ Facebook Page- Helping Hand ដើម្បីឱ្យស៊ីក្លូមានជានិរន្តភាពនៅកម្ពជាផងដែរ។ ដោយសារមើលឃើញពីបញ្ហាទាំងនេះ ជាហេតុធ្វើឱ្យមានការបង្កើតយុទ្ធនាការមួយឡើង គឺ «១ដុល្លារ ដើម្បីស្នាមញញឹមនៃអ្នករត់ស៊ីក្លូ»។

៨៖ គម្រោង «River of Hope» គឺជាគម្រោងលែងត្រីពូជដែលរស់នៅក្នុងទន្លេបាទី ក្នុងគោលបំណងចូលរួមអភិរក្សពូជត្រីរបស់បឹងទន្លេសាប ដើម្បីបង្កើនចំនួនកូនត្រីបន្ថែមរស់នៅក្នុងទន្លេ ក៏ដូចជាធ្វើជាគំរូមួយលើកទឹកចិត្តដល់មហាជនទូទៅក្នុងការចូលរួមថែរក្សាពូជត្រីខ្មែរទាំងអស់គ្នា ម៉្យាងវិញទៀតបង្ហាញឱ្យដឹងអំពើសារៈសំខាន់របស់ត្រីក្នុងការរស់នៅរបស់ប្រជាជនរស់នៅជុំវិញទន្លេបាទី ក៏ដូចជាអ្នកនេសាទតាមដងទនេ្ល។

៩៖ គម្រោង «Vspire» គឺជាគម្រោងសប្បុរសធម៌ដែលបង្កើតឡើងក្នុងគោលបំណងជួយដល់កុមារ និងសាលារៀននៅតាមតំបន់ជនបទដែលខ្វះខាតសម្ភារសិក្សា និងមានបំណងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីជួយសហគមន៍ក្រីក្រតាមដែលអាចធ្វើទៅបាន ក្នុងន័យជួយសម្រួលដល់ការរីកលូតលាស់នៃមនុស្សជំនាន់ក្រោយ។ លើសពីនេះ ដើម្បីពង្រឹងធនធានមនុស្សរបស់យុវជនជំនាន់ក្រោយ តាមរយៈការជួយសិស្សានុសិស្សដែលខ្វះខាត តាមរយៈការចូលរួមចំណែកផ្គត់ផ្គង់សម្ភារសិក្សា ពង្រឹងជំនាញរបស់កុមារ លើកទឹកចិត្តពួកគេឱ្យកាន់តែមានចំណង់ចំណូលចិត្តក្នុងការសិក្សារួមទាំងគោលដៅអនាគតរបស់ពួកគេ ក៏ដូចជាការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាននៅក្នុងប្រទេសកម្ពុជាផងដែរ។

១០៖ គម្រោង «តោះជិះ!!» គឺជាគម្រោងមួយដែលផ្ដោតទៅលើការសម្រួលឲ្យកាន់តែប្រសើរនូវដំណើរវិលត្រឡប់មកវិញនៃសេវាសាធារណៈរថយន្តក្រុង (City Bus) នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២១។ គោលបំណងរបស់គម្រោង «តោះជិះ!!» មានដូចជាផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីការចូលរួមថែរក្សាចំណតរង់ចាំ ការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សងាកមកប្រើប្រាស់រថយន្តក្រុងសាធារណៈ ផ្សព្វផ្សាយនិងបង្កើនការយល់ដឹងអំពីការបោសសំរាមក្នុងធុងសំរាមឲ្យមានសណ្តាប់ធ្នាប់៕