(ឡុងដ៏)៖ ក្លិប Leeds United បានបញ្ចប់តួនាទីលោក Marcelo Bielsa ចេញពីតំណែង ក្រោយដឹកនាំក្រុមមិនបានល្អប៉ុន្មានប្រកួតចុងក្រោយក្នុងលីគអង់គ្លេស Premier League ដែលធ្វើឲ្យក្រុមរងការប៉ះពាលខ្លាំងក្នុងតារាងប្រជែងលីគកំពូលឈរលេខរៀងទី១៦ មានត្រឹម ២៣ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ២៦ប្រកួតរួចមក ដែលទើបចាញ់ Tottenham Hotspur ៤-០ ក្នុងទឹកដីរបស់ខ្លួនដែរ។

បុរសវ័យ ៦៦ឆ្នាំសញ្ជាតិអាហង្ស់ទីន Bielsa បានចូលកាន់តំណែងអ្នកចាត់ក្រុម Leeds United កាលឆ្នាំ២០១៨ ដ្បិតលោកបានជួយក្រុមបញ្ចប់ឈរនៅលេខរៀងទី៩ កាលពីរដូវកាលមុន ខណៈធ្វេសប្រហែសដឹកនាំក្រុម Leeds ចាញ់ ៤ប្រកួតចុងក្រោយជាប់គ្នាក្នុងរដូវកាល ២០២១-២២។

លោក Bielsa ក៏ជាបុគ្គលម្នាក់បានដឹកនាំ Leeds United ឡើងមកលេងលីគកំពូល Premier League សារជាថ្មីដែរ ក្រោយអវត្តមានរយៈពេល ១៦ឆ្នាំ ហើយបច្ចុប្បន្នក្រុមនេះអតីតគ្រូបង្វឹក RB Leipzig បានការចាប់អារម្មណ៍ខ្លាំងក្នុងតួនាទីនេះ ដោយប្រកួតបន្ទាប់ក្រុមនេះត្រូវជួបក្រុមលំដាប់ខ្លាំង Leicester City និង Aston Villa នៃលីគកំពូលជាបន្តដែរ៕