(កូរ៉េ)៖ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ប្រចាំឆ្នាំដ៏ធំផ្នែកភាពយន្ត «Screen Actors Guild» (SAG) ដែលរៀបចំឡើងនាពេលថ្មីៗនេះនៅ California សហរដ្ឋអាមេរិកនោះ, តួអង្គសំខាន់ពីររូបក្នុងរឿង «Squid Game» គឺ Lee Jong Jae និង Jong Ho Yeon ដណ្តើមបានពានរង្វាន់ម្នាក់មួយ «ផ្នែកតារាសម្តែងឆ្នើម» ត្រឡប់មកផ្ទះវិញ។ ប្រការនេះធ្វើឲ្យពួកគេ ក្លាយជាតារាសម្តែងដំបូងបង្អស់នៅកូរ៉េ និងនៅអាស៉ី ដែលបានពានរង្វាន់មួយនេះ។

បើតាមការចេញផ្សាយរបស់សរព័ត៌មាន Soompi នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា កម្មវិធី SAG លើកទី២៨នេះ គឺបានធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈម្សិលមិញនេះ នៅសហរដ្ឋអាមេរិក ដោយមានការចូលរួមពីសំណាក់តារាសម្តែង តារាទូរទស្សន៍ និងអ្នកនៅក្នុងពិភពសិល្បៈជាច្រើននាក់។

អ្វីដែលពិសេស តាមរយៈការចូលរួមស្តែងក្នុងរឿង «Squid Game» តារាទាំងពីរូបនេះ គឺ Lee Jong Jae និង Jong Ho Yeon បានបន្តបង្កើតប្រវត្តិសាស្ត្រថ្មី ដោយឈ្នះបានពានម្នាក់មួយ ផ្នែក «តារាសម្តែងឆ្នើម»។ បន្ថែមពីនេះ ងាកមកភាពយន្ត «Squid Game» ក៏ឈ្នះបានពានមួយផងដែរ ពោលគឺពានរង្វាន់ភាពយន្តទូរទស្សន៍ ដែលមានសកម្មភាពឆ្នើមផងដែរ៕