(អឺរ៉ុប)៖ ដូចយើងដឹងហើយថា ដើម្បីទប់ទល់ឥទ្ធិពលកុម្មុយនីស្តនៅទ្វីបអាស៉ី សហរដ្ឋអាមេរិកបានបំផុសគំនិតជាមួយសម្ព័ន្ធមិត្តបង្កើតអង្គការយោធាមួយឈ្មោះថា សេអាតូ (SEATO)។ ស្រដៀងគ្នាដែរ ដើម្បីទប់ទល់ឥទ្ធិពលកុម្មុយនិស្តនៅទ្វីបអឺរ៉ុប សហរដ្ឋអាមេរិកបានបំផុសគំនិតជាមួយសម្ព័ន្ធមិត្តបង្កើតអង្គការយោធាមួយឈ្មោះថា ណាតូ ឬអូតង់។ បង្កើតឡើងដំបូងមានប្រទេសសមាជិកត្រឹមតែ១២ប៉ុណ្ណោះ ខណៈមកដល់ពេលបច្ចុប្បន្ន (គិតត្រឹមឆ្នាំ២០២០) អង្គការណាតូមានប្រទេសសមាជិករហូតដល់ទៅ ៣០ ឯណោះ និងមានទីស្នាក់ការកណ្តាលនៅទីក្រុង ប្រ៊ុយសែល ប្រទេសបែលហ្សិក។
តើអ្នកដឹងទេថា អង្គការណាតូត្រូវបានបង្កើតឡើងដោយរបៀបណា? Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅ ស្តីពីការបង្កើតអង្គការណាតូ ដូចខាងក្រោមនេះ៖
* សេចក្តីផ្តើម
ណាតូ (NATO) ហៅតាមភាសាអង់គ្លេសមកពីពាក្យ North Atlantic Treaty Organization ឬហៅតាមភាសាបារាំងថា អូតង់ (OTAN) មកពីពាក្យ Organisation du traité de l'Atlantique Nord។ នៅឆ្នាំ១៩៤៩ ដោយមើលឃើញពីចក្ខុវិស័យនៃការពង្រីកឥទ្ធិពលលទ្ធិកុម្មុយនីស្តបន្ថែមទៀត និងដើម្បីរក្សាឥទ្ធិពលលទ្ធិសេរី បានជំរុញឱ្យសហរដ្ឋអាមេរិក និងប្រទេសនៅអឺរ៉ុប ១១ ផ្សេងទៀត បង្កើតអង្គការណាតូ។ សហភាពសូវៀត និងបណ្តាប្រទេសកុម្មុយនីស្តផ្សេងទៀតនៅតំបន់អឺរ៉ុបខាងកើត ក៏បានបង្កើតសម្ព័ន្ធមិត្តមួយក្រុមដែរ ក្រោមឆន្ទៈនៃកតិកាសញ្ញាវ៉ាសូវី (the Warsaw Pact) ក្នុងឆ្នាំ១៩៥៥ ដើម្បីរក្សាឥទ្ធិពលលទ្ធិកុម្មុយនីស្ត។
ការទាញយកបណ្តាប្រទេសនៅទ្វីបអឺរ៉ុបឱ្យដើរតាមឥទ្ធិពលសេរីពីសហរដ្ឋអាមេរិក និងកុម្មុយនីស្តពីសហភាពសូវៀតបានធ្វើឱ្យពួកគេមានភាពខុសគ្នា ផ្នែកនយោបាយពេញទ្វីបអឺរ៉ុបទាំងមូល ដែលប្រការនេះបានកើតឡើងតាំងសម័យសង្គ្រាមលោកលើកទី២ (១៩៣៩-១៩៤៥)។ សកម្មភាពប្រទាញប្រទង់នេះបានផ្តល់ឱ្យ នូវក្របខណ្ឌសម្រាប់ការប្រឈមមុខដាក់គ្នាផ្នែកយោធា ដែលបន្តរហូតដល់សម័យសង្គ្រាមត្រជាក់ថែមទៀតផង (១៩៤៥-១៩៩១)។
* អំពីការចែកផ្លូវគ្នារបស់ពួកអឺរ៉ុប
ជម្លោះរវាងបណ្តាប្រទេសភាគខាងលិច (សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងប្រទេសមួយចំនួនទៀត) ជាមួយប្លុកកុម្មុយនីស្តខាងកើត ដែលដឹកនាំដោយសាធារណរដ្ឋសង្គមនិយមសហភាពសូវៀត (USSR) បានចាប់ផ្តើមភ្លាមៗ គ្រាដែលសំឡេងគ្រាប់កាំភ្លើងបានស្ងប់ស្ងាត់មួយភ្លែត នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី២។ សាធារណរដ្ឋសង្គមនិយមសហភាពសូវៀត ត្រួតពិនិត្យមើលការចូលរួមនៃរដ្ឋាភិបាលដែលនិយមសហភាពសូវៀតក្នុងតំបន់ជាច្រើន ដែលខ្លួនបានកាន់កាប់ពីពួកណាស៉ីក្នុងសម័យសង្គ្រាម។
ជាការឆ្លើយតប សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តភាគខាងលិចបានស្វែងរកមធ្យោបាយ ដើម្បីទប់ស្កាត់ការពង្រីកឥទ្ធិពលកុម្មុយនីស្តលើទ្វីបអឺរ៉ុបទាំងមូល។ នៅឆ្នាំ១៩៤៧ មេដឹកនាំសហរដ្ឋអាមេរិកបានបញ្ចេញគម្រោងម៉ាស្សល (the Marshall Plan) ដែលជាគំនិតផ្តួចផ្តើមការទូតក្នុងការផ្តល់ជំនួយដល់សម្ព័ន្ធមិត្ត ដើម្បីជួយពួកគេក្នុងការកសាងឡើងវិញនូវសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញដោយសារសង្គ្រាម។
ព្រឹត្តិការណ៍នានានៅឆ្នាំបន្តបន្ទាប់បានជំរុញមេដឹកនាំសហរដ្ឋអាមេរិក ឱ្យប្រកាន់គោលជំហរយោធានិយមកាន់តែខ្លាំងបន្ថែមទៀតចំពោះសហភាពសូវៀត។ នៅខែកុម្ភៈ ឆ្នាំ១៩៤៩ រដ្ឋប្រហារមួយដែលគាំទ្រដោយសហភាពសូវៀត បានផ្តួលរំលំរដ្ឋាភិបាលសេរីនៃប្រទេសឆេកូស្លូវ៉ាគី ហើយទាញយកប្រទេសនោះឱ្យចូលទៅក្នុង ជំរំកុម្មុយនីស្តយ៉ាងពេញទំហឹង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក មេដឹកនាំសហរដ្ឋអាមេរិក បានចូលរួមពិភាក្សាបង្កើត សន្ធិសញ្ញាសន្តិសុខរួមជាមួយសម្ព័ន្ធមិត្តអឺរ៉ុបរបស់ពួកគេ។
ដំណើរការនេះបានបង្កើតឱ្យមានហេតុការណ៍បន្ទាប់មួយ នៅក្នុងខែមិថុនាឆ្នាំដដែលនោះ គឺនៅពេលដែលសាធារណរដ្ឋសង្គមនិយមសហភាពសូវៀតពុះទឹកដីប្រទេសអាល្លឺម៉ង់ជាពីរ។ ការកាត់ផ្តាច់រវាងអាល្លឺម៉ង់ខាងលិច និងអាល្លឺម៉ង់ខាងកើត បានបង្ខំឱ្យសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង ដឹកជញ្ជូនសម្ភារៈតាមយន្តហោះទៅផ្គត់ផ្គង់ដល់ទីក្រុងនៅអាល្លឺម៉ង់ខាងលិច។ ជាលទ្ធផល ក្រោយសង្គ្រាមលោកលើកទី២ ទ្វីបអឺរ៉ុបត្រូវបានបែងចែកផ្លូវគ្នាដើរសិន។
ចំណាំ៖ តើអ្នកដឹងទេថា? អង្គការណាតូ បានបន្តអត្ថិភាពរបស់ខ្លួនរហូត ទោះបីសម័យសង្គ្រាមត្រជាក់បានបញ្ចប់ទៅហើយក្តី និងទទួលបានសមាជិកថ្មីៗបន្ថែមទៀតនៅអឺរ៉ុបខាងកើត អំឡុងដើមទសវត្ស ១៩៩០។ សកម្មភាពនេះមិនទទួលបានការគាំទ្រពីមេដឹកនាំសហព័ន្ធរុស្ស៉ីឡើយ ហើយវាក៏បានក្លាយជាប្រភពនៃស្ថានភាពដ៏តានតឹងរវាងពួកលោកខាងកើត និងខាងលិច ក្រោយសង្គ្រាមត្រជាក់បានបញ្ចប់ផងដែរ។
* ការបង្កើតអង្គការណាតូ នាំឱ្យបណ្តាប្រទេសលោកខាងលិចមានកម្លាំងយោធារួមគ្នា
ការពិភាក្សារវាងបណ្តាប្រទេសលោកខាងលិចបានជោគជ័យជាស្ថាពរនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៤៩ នៅគ្រាដែលរដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ១២ មកពីទ្វីបអាមេរិកខាងជើង និងបណ្តាប្រទេសអឺរ៉ុបខាងលិច ជួបជុំគ្នាក្នុងរដ្ឋធានីវ៉ាស៉ីនតោនឌីស៉ី សហរដ្ឋអាមេរិក ដើម្បីចុះហត្ថលេខាសន្ធិសញ្ញាអាត្លង់ទិកខាងជើង (the North Atlantic Treaty)។ ដំបូងឡើយ វាជាកតិកាសញ្ញាសន្តិសុខមួយដែលមាន ៥ មាត្រា ដែលបញ្ជាក់យ៉ាងដូច្នេះ «ការវាយប្រហារយោធាប្រឆាំង នឹងប្រទេសហត្ថលេខីណាមួយ នឹងត្រូវចាត់ទុកថាជាការវាយប្រហារប្រឆាំងនឹងពួកគេទាំងអស់»។
នៅពេលរដ្ឋបុរសសហរដ្ឋអាមេរិក Dean Acheson (1893-1971) បានចុះហត្ថលេខាលើឯកសារខាងលើ វាបានឆ្លុះបញ្ចាំងការផ្លាស់ប្តូរមួយដ៏សំខាន់ នៅក្នុងគោលនយោបាយការបរទេសសហរដ្ឋអាមេរិកទៀតផង។ ជាលើកដំបូងចាប់តាំងពីទសវត្សឆ្នាំ១៧០០ សហរដ្ឋអាមេរិកបានភ្ជាប់ជាផ្លូវការនូវចំណងសន្តិសុខរបស់ខ្លួន ទៅនឹងប្រជាជាតិនានានៅទ្វីបអឺរ៉ុប ដែលបានក្លាយជាចំណុចសំខាន់សម្រាប់សង្គ្រាមលោកទាំងពីរ។
សមាជិកដំបូងរបស់អង្គការណាតូ រួមមាន៖ ប៊ែលហ្ស៉ិក ចក្រភពអង់គ្លេស កាណាដា ដាណឺម៉ាក បារាំង អៀរឡង់ អ៉ីតាលី លុចសំបួ នែតដឺលែនដ៍ ន័រវេស ព័រទុយហ្កាល់ និងសហរដ្ឋអាមេរិក។ អង្គការណាតូបានរួមគ្នាជាមួយកងកម្លាំងយោធាខាងលិច ប្រឆាំងនឹងសហភាពសូវៀត និងសម្ព័ន្ធមិត្តអស់រយៈពេលប្រមាណ៤០ឆ្នាំ ហើយសមាជិករបស់អង្គការនេះចេះតែកើនឡើងមិនឈប់មិនឈរ ដោយសារបុព្វហេតុនៃយុគសម័យសង្គ្រាមត្រជាក់។
ប្រទេសក្រិក និងប្រទេសតួកគី ត្រូវបានបើកឱ្យចូលនៅក្នុងឆ្នាំ១៩៥២ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (អាល្លឺម៉ង់ខាងលិច) ក្នុងឆ្នាំ១៩៥៥ និងអេស្ប៉ាញ ក្នុងឆ្នាំ១៩៨២។ ដោយសារមិនសប្បាយចិត្តជាមួយតួនាទីក្នុងអង្គការណាតូ បារាំងបានសម្រេចចិត្តដកបេក្ខភាពចេញពីការចូលរួមយោធាក្នុងអង្គការនេះនៅឆ្នាំ១៩៦៦ ហើយការសម្រេចចិត្តនេះបន្តរហូតដល់ឆ្នាំ១៩៩៥។
* កតិកាសញ្ញាវ៉ាសូវី ជាការបង្កើតសម្ព័ន្ធមិត្តកុម្មុយនីស្ត
ការបង្កើតកតិកាសញ្ញាវ៉ាសូវី គឺជាមធ្យោបាយមួយដើម្បីឆ្លើយតបទៅនឹងការបង្កើតអង្គការណាតូ។ វាត្រូវបានជំរុញដោយផ្ទាល់ បន្ទាប់ពីការរៀបចំអាវុធឡើងវិញរបស់អាឡឺម៉ង់ខាងលិច និងការចូលជាសមាជិកអង្គការណាតូនៅឆ្នាំ១៩៥៥ ។ ក្រោយសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២ មេដឹកនាំសូវៀតមានអារម្មណ៍ភ័យព្រួយអំពីអាល្លឺម៉ង់ ដែលកំពុងក្លាយជាមហាអំណាចយោធាម្តងទៀត ខណៈដែលបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ក៏ព្រួយបារម្ភអំពីបញ្ហានេះដែរ។
នៅពាក់កណ្តាលទស្សវត្សឆ្នាំ១៩៥០ សហរដ្ឋអាមេរិក និងសមាជិកអង្គកាណាតូមួយចំនួនទៀត បានចាប់ផ្តើមគាំទ្រការបង្កើតអាល្លឺម៉ង់ខាងលិច ដែលជាផ្នែកមួយនៃសម្ព័ន្ធមិត្ត និងអនុញ្ញាតឱ្យប្រទេសនេះ បង្កើតកងទ័ពស្ថិតនៅក្រោមការរឹតបន្តឹងយ៉ាងតឹងរឹង។ សូវៀតបានព្រមានថា សកម្មភាពបង្កហេតុបែបនេះ នឹងបង្ខំពួកគេឱ្យរៀបចំសន្តិសុខថ្មី ក្នុងតំបន់របស់ខ្លួន ហើយសូវៀតពិតជារៀបចំដូចការនិយាយមែន។ អាឡឺម៉ង់ខាងលិចបានចូលរួមជាផ្លូវការជាមួយអង្គការណាតូ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៥៥ ហើយក្រោយមកកតិកាសញ្ញាវ៉ាសូវី ត្រូវបានចុះហត្ថលេខាប្រមាណ ២ សប្តាហ៍ប៉ុណ្ណោះ គឺនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៥។
ប្រទេសដែលចូលរួមជាមួយសម្ព័ន្ធមិត្តសហភាពសូវៀត រួមមាន អាល់បានី ប៊ុលហ្ការី ឆេកូស្លូវ៉ាគី សាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ (អាល្លឺម៉ង់ខាងកើត) ហុងគ្រី ប៉ូឡូញ និងរ៉ូម៉ានី។ ក្រុមនេះនៅតែបន្តអត្ថិភាពរបស់ខ្លួនរហូតដល់សង្គ្រាមត្រជាក់បានបញ្ចប់ ជាមួយនឹងការរុះរើរបស់រដ្ឋាភិបាលកុម្មុយនីស្តទាំងអស់នៅអឺរ៉ុបខាងកើត ក្នុងឆ្នាំ១៩៨៩ និងឆ្នាំ១៩៩០។
ដូចអង្គការណាតូដែរ កតិកាសញ្ញាវ៉ាសូវីផ្តោតលើគោលបំណងបង្កើតការការពារដែលមានការសម្របសម្រួលមួយ ក្នុងចំណោមប្រទេសជាសមាជិករបស់ខ្លួន ដើម្បីទប់ស្កាត់ការវាយប្រហាររបស់សត្រូវ និយាយជារួមដើម្បីទប់ទល់សត្រូវដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។ កតិកាសញ្ញានេះក៏មានសមាសធាតុសន្តិសុខផ្ទៃក្នុង ដែលផ្តល់ផលប្រយោជន៍ដល់សហភាពសូវៀតទៀតផង។
បច្ចុប្បន្នសមាជិកអង្គការយោធា NATO មានចំនួន៣០ប្រទេស៖
អាល់បានី (Albania), ប៊ែលហ្សិក (Belgium), ប៊ុលហ្ការី (Bulgaria), កាណាដា (Canada), ក្រូអាត (Croatia), សាធារណរដ្ឋឆែក (Czech Republic), ដាណឺម៉ាក (Denmark), អេស្ដូនី (Estonia), បារាំង (France), អាល្លឺម៉ង់ (Germany), ក្រិក (Greece), ហុងគ្រី (Hungary), អ៉ីស្លង់ (Iceland), អ៉ីតាលី (Italy), ឡេតូនី (Latvia), លីទុយអានី (Lithuania), លុចហ្សំបួរ (Luxembourg), ម៉ង់តេណេក្រូ (Montenegro), ហូឡង់ (Netherlands), ម៉ាសេដូនីខាងជើង (North Macedonia), ន័រវែស (Norway), ប៉ូឡូញ (Poland), ព័រទុយហ្កាល់ (Portugal), រូម៉ានី (Romania), ស្លូវ៉ាគី (Slovakia), ស្លូវ៉េនី (Slovenia), អេស្ប៉ាញ (Spain), តួកគី (Turkey), ចក្រភពអង់គ្លេស (United Kingdom) និងសហរដ្ឋអាមេរិក (United States)។
អគ្គលេខាធិការអង្គការ NATO បច្ចុប្បន្ន គឺលោក ជែន ស្ដូលធិនប៊ឺគ (Jens Stoltenberg) ក្នុងមួយឆ្នាំៗ NATO ចំណាយលើកម្មវិធីនានា ជាមធ្យម ៣ពាន់លានដុល្លារ៕