(ឡូសាន)៖ គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) នឹងជួបប្រជុំគ្នា នៅថ្ងៃពុធ ដើម្បីពិភាក្សាលើបញ្ហារុស្ស៊ី មុនពេលព្រឹត្តិការណ៍ Beijing Winter Games ចាប់ផ្តើមក្នុងសប្តាហ៍នេះ ស្របពេលដែលក្រុមអត្តពលិកមកពីប្រទេសអ៊ុយក្រែន និងប្រទេសផ្សេងទៀតបានជំរុញឲ្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និង IPC ផ្អាកការប្រកួតរបស់អត្តពលិករុស្ស៊ី និងបេឡារុស្ស។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ។

ការស្នើឲ្យហាមឃាត់រុស្ស៊ី នៅក្នុងវិស័យកីឡានេះបានកើតឡើងបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែនបានបន្តកើនឡើង ក្រោយពីក្រុមអត្តពលិកបានសរសេរលិខិតចំហមួយទៅកាន់ប្រធាន IOC លោក Thomas Bach និងប្រធាន IPC លោក Andrew Parsons ដោយជំរុញឲ្យស្ថាប័នទាំងពីរផ្អាកការប្រកួតរបស់អត្តពលិករុស្ស៊ី និងបេឡារុស្សពីព្រឹត្តិការណ៍នានា។

IPC បានលើកឡើងថា ខ្លួននឹងពិភាក្សាគ្នា លើបញ្ហារុស្ស៊ី នៅឯកិច្ចប្រជុំក្រុមប្រឹក្សា នៅថ្ងៃពុធ ២ថ្ងៃមុនពេលព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ចាប់ផ្តើមពីថ្ងៃទី៤ដល់ថ្ងៃទី១៣ ខែមីនាខាងមុខ។

អត្តពលិកប្រមាណ ៦៤០នាក់មកពីគណៈកម្មាធិការប៉ារ៉ាឡាំពិក ៤៩ប្រទេសក្នុងនោះរួមទាំងរុស្ស៊ីផងដែរ នឹងចូលរួមប្រកួត។

ក្រសួងសុខាភិបាលអ៊ុយក្រែន បានឲ្យដឹងនៅថ្ងៃអាទិត្យថា ជនស៊ីវិល ៣៥២នាក់ក្នុងនោះ១៤នាក់ជាកុមារ ត្រូវបានសម្លាប់ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុន។ បេឡារុស្ស គឺជាតំបន់សំខាន់មួយ ដែលផ្តល់ការអនុញ្ញាតសម្រាប់ការឈ្លានពាននេះ៕