(បរទេស)៖ Meta Platforms Inc ដែលជាក្រុមហ៊ុនធំរបស់ Facebook បានប្រកាសឲ្យដឹងថា ខ្លួននឹងធ្វើការរាំងខ្ទប់មាតិការបស់សារព័ត៌មានរុស្ស៊ី RT និង Sputnik នៅជុំវិញសហភាពអ៊ឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។

លោក Nick Clegg ប្រធានកិច្ចការសកលរបស់ Meta បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា ក្រុមហ៊ុនរបស់ខ្លួនទទួលបានការស្នើសុំពីសំណាក់រដ្ឋាភិបាលនៃប្រទេសមួយចំនួននៅក្នុងតំបន់សហភាពអ៊ឺរ៉ុប ក្នុងគោលបំណងឲ្យធ្វើការរាំងខ្ទប់មាតិការបស់សារព័ត៌មាន RT ដែលជាទូរទស្សន៍រដ្ឋរបស់រុស្ស៊ី និងភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ី។

គិតមកដល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក មាន Google, Microsoft, YouTube, Tiktokនិង Twitter រួមទាំង Meta បាននាំគ្នាធ្វើការរាំងខ្ទប់មាតិការបស់សារព័ត៌មាន RT និង Sputnik ខណៈដែលសហភាពអ៊ឺរ៉ុបមានសម្រេចជាផ្លូវការឲ្យមានការរាំងខ្ទប់មាតិការបស់សារព័ត៌មានទាំងពីរនៅក្នុងតំបន់ភូមិសាស្ត្រសហភាពអឺរ៉ុប៕