(ម៉ូស្គូ)៖ សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិ FIFA និងប្រចាំទ្វីបអឺរ៉ុប UEFA បានសម្រេចព្យួរជើងកីឡាករ និងក្លិបរបស់រុស្ស៊ីទាំងអស់មិនឲ្យចូលរួមក្នុងកម្មវិធីនានាចាប់ពីពេលនេះតទៅ ដោយសារតែប្រទេសនេះបានលើកទ័ពចូលលុកលុយប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមកម្ល៉េះ។
នេះមានន័យថា ទាំងសហព័ន្ធពិភពលោក ក៏ដូចជាអឺរ៉ុប នឹងមិនឲ្យមានវត្តមានក្លិប និងកីឡាកររុស្ស៊ីរូបណាចូលរួមគ្រប់កម្មវិធីកីឡាទាំងអស់ចាប់ពីពេលនេះតទៅ ជាពិសេសផ្អែកកីឡាបាល់ទាត់តែម្តង។
បន្ថែមលើនេះ ក្រុមបាល់ទាត់ផ្នែកបុរសរុស្ស៊ីដែលត្រៀមលេងវគ្គជម្រុះ World Cup 2022 នាខែមីនានេះ ក៏ពុំមានវត្តមានដែរ ហើយសម្រាប់ឯក្រុមបាល់ទាត់ផ្នែកនារីវិញ ក៏ត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងយុទ្ធនាការ Euro 2022 ផងដែរ។
ក្លិបបាល់ទាត់អាជីព Spartak Moscow ក៏ត្រូវបានដកចេញដោយស្វ័យប្រវត្តិពីការប្រកួតពាន Europa League ពីក្នុងវគ្គ ១៦ក្រុមចុងក្រោយរបស់ពួកគេដែរ នៅពេលគូប្រជែង RB Leipzig របស់អាល្លឺម៉ង់ត្រូវឡើងទៅវគ្គ ៨ក្រុមចុងក្រោយដោយមិនចាំបាច់ប្រកួតផងដែរ ដ្បិត UEFA ក៏បានបញ្ចប់កិច្ចសន្យាឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនថាមពល Gazprom របស់រុស្ស៊ីមកហើយដែរ។
ទាំង FIFA និង UEFA បានចេញសេចក្តីថ្លែងការណ៍រួមមួយទាក់ទងនឹងវិបត្តិនៅអ៊ុយក្រែន និងរុស្ស៊ីថា «ស្ថាប័នបានយល់ដឹងពីស្ថានការណ៍ដែលបានកំពុងតែកើតឡើងនៅអ៊ុយក្រែន និងភាពប៉ះនៃប្រទេសនេះផងដែរ។ ពួកយើងពិតជាសោកស្តាយខ្លាំងណាស់ ដែលរុស្ស៊ីសម្រេចចិត្តប្រើកំលាំងទ័ពបែបនេះ។ បាល់ទាត់ក៏រួមចំណែកក្នុងការទាមទារសន្តិភាពត្រឡប់មកវិញដែរ និងបារម្ភពីសុខសុវត្ថិភាពរបស់ពួកគេទៀតផង»។
FIFA និង UEFA ក៏បានសម្រេចចិត្តធ្វើសកម្មភាពប្រឆាំងទៅនឹងរុស្ស៊ី ដែលគាំទ្រដោយប៊ែលឡារុស ដែលអនុញ្ញាតឲ្យកងទ័ពរុស្ស៊ីតាំង និងធ្វើជាទីតាំងដើម្បីធ្វើ់ការឈ្លានពានអ៊ុយក្រែនគិតចាប់តាំងពីសប្តាហ៍មុនមក៕