(បរទេស)៖ ក្រុមហ៊ុន Volvo, Scania និង Ericsson បានប្រកាសពីការផ្អាកអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ខណៈដែលប្រទេសនេះកំពុងតែផ្ទុះការវាយប្រហារទៅកាន់ប្រទេសអ៊ុយក្រែន។ នេះបើតាមការរាយការណ៍របស់ Trend ដោយដកស្រង់ពី TASS។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុន Volvo បានសម្រេចចិត្តបញ្ឈប់ការលក់រថយន្តថ្មីនៅក្នុងប្រទេសរុស្ស៊ី ខណៈដែលអ្នកនាំពាក្យក្រុមហ៊ុន លោក Ben Foulds បានលើកឡើងថា «ដោយពិចារណាលើហានិភ័យដែលអាចកើតមានទាក់ទងនឹងការជួញដូរសម្ភារៈជាមួយរុស្ស៊ី និងការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្រុមហ៊ុន Volvo Cars នឹងមិនផ្គត់ផ្គង់រថយន្តទៅកាន់ទីផ្សាររុស្ស៊ីរហូតដល់មានការជូនដំណឹងជាថ្មីបន្ថែម»

ដោយឡែកក្រុមហ៊ុន Scania ក៏បានបញ្ឈប់ការដឹកជញ្ជូនរថយន្ត និងគ្រឿងបន្លាស់ទៅកាន់ប្រទេសរុស្ស៊ីកាលពីសប្តាហ៍មុនដែរ ដោយបានលើកឡើងថា «ទំនាក់ទំនងជាមួយអតិថិជនមានសារៈសំខាន់សម្រាប់ Scania ប៉ុន្តែតម្លៃរបស់ Scania គឺសំខាន់ជាងក្នុងរឿងនេះ»។ ហើយក្រុមហ៊ុន Ericsson ក៏សម្រេចចិត្តផ្អាកការដឹកជញ្ជូនដល់អតិថិជនពីប្រទេសរុស្ស៊ីផងដែរ ខណៈពេលដែលខ្លួនកំពុងពិនិត្យមើលទណ្ឌកម្មដែលបានណែនាំប្រឆាំងនឹងប្រទេសនេះ។

គួរជម្រាបដែរថា មុននេះបន្តិចក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors ក៏បានប្រកាសផ្អាកការនាំចេញរថយន្តទៅកាន់ប្រទេសរុស្ស៊ីផងដែរ៕