(សហរដ្ឋអាមេរិក)៖ ក្រុមហ៊ុន Mastercard Inc បានប្រកាសបង្ហាញនៅល្ងាចថ្ងៃច័ន្ទថា ខ្លួនបានរាំងខ្ទប់ស្ថាប័នហិរញ្ញវត្ថុជាច្រើនពីបណ្តាញទូទាត់របស់ខ្លួន ដែលជាលទ្ធផលនៃទណ្ឌកម្មដែលបានដាក់លើប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានរបស់ទីក្រុងម៉ូស្គូមកលើអ៊ុយក្រែន។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។
ក្រុមហ៊ុននេះបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Mastercard នឹងបន្តធ្វើការជាមួយនិយតករនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយពួកគេក៏បានសន្យាដែលថានឹងបរិច្ចាគសាច់ប្រាក់ចំនួន ២លានដុល្លារអាមេរិកសម្រាប់សង្គ្រោះមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែន។
ដោយឡែកកាលពីថ្ងៃសៅរិ៍ សហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តបានឱ្យដឹងថា ពួកគេនឹងចាត់វិធានការប្រឆាំងនឹងធនាគារកណ្តាលរបស់រុស្ស៊ី និងរាំងខ្ទប់ធនាគារមួយចំនួនរបស់ប្រទេសនេះពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT។
ចំពោះប្រជាជនរុស្ស៊ីវិញបានប្រញាប់ប្រញាល់ទៅ ATM ហើយបានតម្រង់ជួររង់ចាំយ៉ាងយូរកាលពីថ្ងៃអាទិត្យ ចំពេលមានការព្រួយបារម្ភថា កាតធនាគារអាចឈប់ដំណើរការ ឬថាធនាគារនឹងកំណត់ការដកសាច់ប្រាក់បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច៕