(ប៉េកាំង)៖ នៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២ តាមម៉ោងក្នុងតំបន់ ពិធីយកភ្លើងគប់នៃព្រឹត្តិការណ៍ ប្រកួតកីឡាអូឡាំពិកជនពិការរដូវរងា ក្រុងប៉េកាំងឆ្នាំ ២០២២ បានធ្វើឡើងនៅកីឡដ្ឋាន Stoke Mandeville នៃប្រទេសអង់គ្លេស។

លោក Zheng Zeguang ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង់គ្លេសបានថ្លែងថា នៅសល់៣ថ្ងៃទៀត ភ្លើងគប់សំខាន់ សម្រាប់ព្រឹត្តិការណ៍ប្រកួត កីឡាអូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំង នឹងត្រូវបានអុជបំភ្លឺនៅកីឡដ្ឋានជាតិចិន ដែលជាសញ្ញាកត់សម្គាល់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកជនពិការរដូវរងា ក្រុងប៉េកាំងឆ្នាំ២០២២ បានសម្ពោធបើកជាផ្លូវការ។

អត្តពលិកមកពីតំបន់នានាលើទូទាំងពិភពលោក ដែលចូលរួមការប្រកួតកីឡាអូឡាំពិកជនពិការរដូវរងា នឹងរួមគ្នាបកស្រាយយ៉ាងរស់រវើកនូវការស្វែងរកជានិរន្តរ៍របស់មនុស្សជាតិ ស្តីពីការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងយកឈ្នះលើខ្លួនឯង ក៏ដូចជាបង្ហាញពីភាពក្លៀវក្លាយ៉ាងខ្លាំងរបស់ជនពិការ ស្តីពីការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការតស៊ូព្យាយាមដ៏ស្វិតស្វាញ។ រដ្ឋាភិបាលចិននឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបង្កើតបរិយាកាសប្រកួតកីឡាដ៏ល្អប្រសើរ សម្រាប់អត្តពលិកមកពីតំបន់នានាលើទូទាំងពិភពលោក ដែលចូលរួមការប្រកួតកីឡាអូឡាំពិកជនពិការរដូវរងា និងបង្ហាញនូវការប្រកួតកីឡាអូឡាំពិករដូវរងា ប្រកបដោយភាពសាមញ្ញ សុវត្ថិភាពនិងភាពអស្ចារ្យទៅកាន់ពិភពលោកទាំងមូល។

សកម្មភាពរត់បណ្តាក់ភ្លើងគប់ នៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំង នឹងធ្វើឡើងនៅទីតាំងប្រកួតចំនួន៣ នៃការប្រកួតកីឡាអូឡាំពិកជនពិការរដូវរងាក្រុងប៉េកាំង ដែលស្ថិតនៅក្រុងប៉េកាំង ខណ្ឌ Yanqing និងក្រុង Zhang Jiakou ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕