(កូរ៉េ)៖ តារាសម្តែងស្រីល្បីឈ្មោះរបស់កូរ៉េខាងត្បូង កញ្ញា Lee Young Ae បានធ្វើកិច្ចការសប្បុរសធម៌មួយ ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការកោតសរសើរជាខ្លាំង ពោលគឺធ្វើការបរិច្ចាគប្រាក់ផ្ទាល់ខ្លួន ដល់ប្រជាជនអ៊ុយក្រែន ដែលកំពុងតែជួបការលំបាក ដោយសារសង្គ្រាមនាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។

នៅថ្ងៃនេះ លោក Dmytro Ponomarenko ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅកូរ៉េខាងត្បូង បានបង្ហោះសារ Twitter ចែករំលែកលិខិតដែលជាសារបង្ហាញពីចំណាប់អារម្មណ៍របស់តារាស្រី Lee Young Ae ភ្ជាប់ជាមួយមូលប្បទានប័ត្រមួយសន្លឹក ដែលមានទឹកប្រាក់ប្រមាណ ៨៣,៣៣១ដុល្លារអាមេរិកក្នុងនោះ ដែលជាអំណោយបរិច្ចាគរបស់តារាស្រីរូបនេះ ទៅកាន់ប្រជាជនអ៊ុយក្រែន។ ក្នុងនោះ មន្ទីរការទូតអ៊ុយក្រែនរូបនេះ បានថ្លែងអំណរគុណចំពោះតារាស្រី Lee Young Ae និងលើកឡើងថា អំណោយរបស់នាង នឹងទៅដល់ដៃប្រជាជនអ៊ុយក្រែនដែលរងគ្រោះ។

ភ្ជាប់ជាមួយការបរិច្ចាគប្រាក់នៅពេលនេះ តារាកូរ៉េស្រី Lee Young Ae បានសង្កត់ធ្ងន់ថា នាងសង្ឃឹមថាសង្គ្រាមនឹងបញ្ចប់ក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ហើយសន្តិភាពនឹងមានឡើងវិញ សម្រាប់អ៊ុយក្រែន ពោលគឺនាងបានបួងសួងឲ្យប្រជាជនអ៊ុយក្រែន មានសុវត្ថិភាព និងកុំអស់សង្ឃឹមផងដែរ៕