(ភ្នំពេញ)៖ ក្រុមភ្នំពេញក្រោន នឹងត្រូវជួបក្រុមវិសាខា ក្នុងពានរង្វាន់ Cambodian Super Cup 2022 នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅកីឡដ្ឋានស្ដាតចាស់។ ចាំមើលរវាងក្រុមក្រុមជើងឯកលីគកំពូលកម្ពុជា និងក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២១ តើក្រុមណា នឹងគ្រងជើងឯកពានរង្វាន់បើករដូវកាលថ្មីនេះ?

ពានរង្វាន់ Super Cup នេះ រៀបចំឡើង ដើម្បីបើកភ្លើងខៀវក្នុងការត្រៀមចាប់ផ្ដើមរដូវកាលថ្មី នៃលីគកំពូលកម្ពុជា (Cambodian Premier League) ដែលនឹងធ្វើការប្រកួតនាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២។ នេះជាការវិវឌ្ឍន៍ថ្មីមួយទៀតក្នុងវិស័យកីឡាបាល់ទាត់ជាតិ ក្លិប កីឡាករ និងអ្នកគាំទ្រ បន្ទាប់ពីលេចវត្តមានក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ កាលពីថ្មីៗ។

ក្រឡេកមកចាប់អារម្មណ៍គូប្រកួតខាងលើ គឺជាគូជក់ចិត្តមួយ សម្រាប់អ្នកគាំទ្រ មិនថាជាការប្រកួតផ្លូវការ ឬការប្រកួតមិត្តភាពនោះទេ។ កាលពីរដូវកាលមុនក្រុមទាំងពីរ បានបញ្ចប់ដោយលទ្ធផលស្មើគ្នាទាំង ២ជើង ក្នុងជំនួបលីគកំពូលកម្ពុជា ដោយជើងទី១ ស្មើគ្នា ៣-៣ លើទឹកដីភ្នំពេញក្រោន និងជើងទី២ ស្មើគ្នា ១-១ លើទឹកដីវិសាខា។ ដូច្នេះល្ងាចនេះមានអ្នកគាំទ្រជាច្រើន កំពុងរង់ចាំអ៊ុតលទ្ធផលរវាងក្រុមខ្លាំងទាំងពីរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ គឺសំបុត្រចូលទស្សនាការប្រកួតពានរង្វាន់ត្រៀមបើករដូវកាលថ្មីនេះ ក៏មិនធម្មតាដែរ បើធៀបនឹងសំបុត្រទស្សនាការប្រកួតផ្លូវការកាលពីរដូវកាលមុន ពោលគឺមានតម្លៃ ២៥,០០០រៀល និង ២០,០០០រៀល។ ប៉ុន្ដែការប្រកួតនេះមានប្រាក់រង្វាន់ ឬយ៉ាងណា ក្រុមហ៊ុន CPL មិនបានបញ្ជាក់នោះទេ៕