(ភ្នំពេញ)៖ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត នៅថ្ងៃទី០១ ខែមីនានេះ បានបើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសកីឡាអត្តពលកម្មអន្ដរជាតិកម្រិត១ ដើម្បីដុះខាត់សមត្ថភាពមន្ដ្រីបច្ចេកទេសរបស់ខ្លួន ឆ្ពោះទៅរកការរៀបចំការប្រកួតថ្នាក់តំបន់នាថ្ងៃអនាគត ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
លោក សំហេង បុរស ប្រធានសហព័ន្ធបានចាត់ទុកនេះជាវគ្គដ៏មានសារៈសំខាន់ សម្រាប់មន្ដ្រីបច្ចេកទេស ដែលស្រលាញ់វិស័យកីឡាអត្តពលកម្ម ក្នុងការក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ពីគ្រូឧទ្ទេសអន្ដរជាតិ ដែលបង្រៀនដោយលោក Valson Cuddinkotta ប្រធានបច្ចេកទេសហព័ន្ធអត្តពលកម្មអាស៊ី។
ទន្ទឹមជាមួយគ្នាលោកបានជំរុញឲ្យសិក្ខាកាមចូលរួម ត្រូវមានក្ដីស្រមៃខ្ពស់ ដើម្បីក្លាយជាមន្ដ្រីបច្ចេកទេស ដែលមានសមត្ថភាពអាចរៀបចំការប្រកួតទាំងថ្នាកជាតិ និងអន្ដរជាតិ ដ្បិតកន្លងមក សហព័ន្ធនៅមិនទាន់បានរៀបចំការប្រកួតកម្រិតតំបន់ឡើយ។ ដូច្នេះក្រោយចប់វគ្គនេះ លោករំពឹងថា ក្នុងចំណោមសិក្ខាកាមទាំងអស់ នឹងមានអ្នកអាចរៀបចំការប្រកួតថ្នាក់តំបន់បាន។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ដែលខិតខំរៀបចំវគ្គបណ្ដុះបណ្ដាលកម្រិតអន្ដរជាតិនេះឡើង ក្រោមការបង្រៀនរបស់មន្ដ្រីជំនាញអាស៊ី ដែលបង្ហាញឲ្យឃើញការគាំទ្ររបស់សហព័ន្ធអត្តពលកម្មអាស៊ី ចំពោះការអភិវឌ្ឍនៃវិស័យកីឡាអត្តពលកម្មម្ពុជានាពេលបច្ចុប្បន្ន។
បន្ថែមលើនេះ លោកបានជំរុញ និងលើកទឹកចិត្តឲ្យសិក្ខាកាម ត្រូវយកចិត្តទុកដាក់សិក្សាឲ្យបានខ្ពស់ ជាមួយគ្រូឧទ្ទេសអន្ដរជាតិខាងលើ ដើម្បីក្លាយជាមន្ដ្រីបច្ចេកទេសកម្រិតជាតិ និងអន្ដរជាតិ ហើយយកចំណេះដឹងទាំងនោះ មករួមចំណែកអភិវឌ្ឍន៍កីឡាអត្តពលកម្មជាតិឲ្យកាន់តែរីកចម្រើន ពិសេសឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតបន្ដបន្ទាប់ទៀត។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសកីឡាអត្តពលកម្មអន្ដរជាតិកម្រិត១ ខាងលើ គឺមានសិក្ខាកាមចំនួន ២៥នាក់ មកពី ៨រាជធានី-ខេត្តចូលរួម។ វគ្គនេះនឹងធ្វើឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០១-០៥ ខែមីនា ឆ្នាំ២០២២ ដោយមានការសិក្សាទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕