(ឡូសអាន់ជ័រលេស)៖ ប្រធានអូឡាំពិកសហរដ្ឋអាមេរិក បានបង្ហាញការគាំទ្ររបស់ពួកគេ ចំពោះការអំពាវនាវរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ឲ្យហាមឃាត់អត្តពលិករុស្ស៊ី ពីការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានា បន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ។
គណៈកម្មាធិការអូឡាំពិក និងប៉ារ៉ាឡាំពិកសហរដ្ឋអាមេរិក បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកគេគាំទ្រការទាមទាររបស់ IOC ចំពោះអត្តពលិករុស្ស៊ី ដែលត្រូវបានផ្អាក និងបានជំរុញឲ្យហាមឃាត់ ក្នុងនោះរួមទាំងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Winter Paralympic Games នៅទីក្រុង Beijing ក្នុងសប្តាហ៍នេះផងដែរ។
រុស្ស៊ី បាននឹងកំពុងប្រឈមមុខនឹងការធ្លាក់ចូលក្នុងទីរហោឋានកីឡា បន្ទាប់ពីបើកការឈ្លានពានលើអ៊ុយក្រែន កាលពីសប្តាហ៍មុន។
សូមជម្រាបថា IOC កាលពីថ្ងៃចន្ទ បានណែនាំដល់សហព័ន្ធកីឡាអន្តរជាតិ និងអ្នករៀបចំព្រឹត្តិការណ៍កីឡានានា មិនត្រូវ "អញ្ជើញឬក៏អនុញ្ញាតឲ្យមានការចូលរួម ពីសំណាក់អត្តពលិក និងមន្ត្រីរុស្ស៊ី និងបេឡារុស្ស ក្នុងការប្រកួតអន្តរជាតិឡើយ"៕