(ភ្នំពេញ)៖ ក្រុមជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន បានគ្រងជើងឯកពានរង្វាន់ Cambodian Super Cup 2022 បន្ទាប់ពីយកឈ្នះវិសាខា ដែលជាក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ ដោយលទ្ធផល ២-១ លើទឹកដីស្ដាតចាស់នៅព្រលប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ នេះ។

ជំនួបពានរង្វាន់ត្រៀមបើករដូវកាលថ្មីនេះវគ្គទី១ ក្រុមសិង្ហក្រហម បានស៊ុតបំប៉ោងសំណាញ់ទីក្រុមសេះជំទង់វិសាខា ២គ្រាប់មុន ដោយខ្សែប្រយុទ្ធកូនកាត់អាហ្វហ្គានីស្ថាន-ហ្វាំងឡង់ Fareed Sadat នៅនាទី១៥ និងនាទី៣៧។ ចូលវគ្គទី២ វិសាខាបានព្យាយាមវាយសម្រុកវិញ តែវាយបកបានតែ ១គ្រាប់ប៉ុណ្ណោះដោយកីឡាករ កែវ សុខផេង នៅនាទី៥០។

នេះគឺជាលើកទី២ ហើយ ដែលក្រុមជើងឯកលីគ ៧សម័យភ្នំពេញក្រោនបានឈ្នះពានរង្វាន់លក្ខណៈមិត្តភាពមុនរដូវកាលថ្មី ឆ្នាំ២០២២ ទី១-ពួកគេបានឈ្នះពានរង្វាន់ Pre-Season Cup 2022 នៅទឹកដីវិសាខាកាលពីដើមខែកុម្ភៈកន្លងទៅ មុនបន្ដគ្រងជើងឯកពានរង្វាន់ Cambodian Super Cup 2022 ដែលរៀបចំដោយក្រុមហ៊ុនខេមបូឌានព្រីមៀរលីគពេលនេះ៕