(ម៉ូស្គូ)៖ គ្រូបង្វឹកក្លិបបាល់ទាត់អាជីព Lokomotiv Moscow លោក Markus Gisdol បានលើកឡើងនៅថ្ងៃអង្គារនេះថា លោកបានលាលែងចេញពីតំណែងរបស់លោក នៅឯក្លិបដែលលេងនៅលីគកំពូលរុស្ស៊ី Russian Premier League ដើម្បីតវ៉ាប្រឆាំងនឹងសង្គ្រាមរបស់រុស្ស៊ី ជាមួយនឹងអ៊ុយក្រែន ប៉ុន្តែក្លិបបានអះអាងថា តាមពិតទៅលោកត្រូវបានដកចេញពីតួនាទី។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសារព័ត៌មានអាល្លឺម៉ង់ លោក Gisdol បានលើកឡើងថា លោកត្រូវបង្ខំចិត្តលាលែងចេញពីតំណែង ជាមួយនឹងអ្វីដែលបាននឹងកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។

យ៉ាងណាមិញ ក្លិបរបស់លោកបានបង្ហោះលើ Twitter ថា លោក Gisdol ត្រូវបានដកចេញពីតំណែង។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Gisdol ដែលកាលពីពេលកន្លងទៅបានចំណាយពេលវេលាលេង និងអាជីពជាគ្រូបង្វឹកទាំងស្រុងនៅឯមាតុភូមិរបស់លោករូបនេះ បានដឹកនាំក្រុម Lokomotiv Moscow ចំនួន ១២ប្រកួត៕