(មេនឆេស្ទើ)៖ លទ្ធផលឈ្នះ ២ទល់នឹង០ ទៅលើគូប្រជែង Peterborough United បានធ្វើឲ្យ Manchester City បានធ្វើដំណើរទៅវគ្គ ៨ក្រុមចុងក្រោយជាបន្តទៀតនៃពានលំដាប់ទី២ អង់គ្លេស FA Cup នៅរាត្រីឆ្លងចូលថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។
កីឡាករខ្សែបម្រើ Riyad Mahrez និង Jack Grealish រកបានម្នាក់ ១គ្រាប់ដូចគ្នាក្នុងវគ្គទី២ ដែលជាគ្រាប់ដំបូងក្នុងពាន FA Cup នេះផងដែរសម្រាប់កីឡាករអង់គ្លេស Grealish ក្នុងការទម្លាក់ក្រុម Peterborough ដែលជាក្រុមមកពី Championship នោះ។
City ដែលជាអតីតក្រុមជើងឯកពាន FA Cup ៦សម័យកាលផងនោះ នឹងរកឃើញគូប្រកួតក្នុងជុំទី៦ របស់ពួកគេក្នុងពិធីចាប់ឆ្នោតនារាត្រីថ្ងៃព្រហស្បតិ៍ស្អែកនេះ នៅក្រោយពេលលេងបញ្ចប់ ៣ប្រកួតរាត្រីនេះក្នុងជុំទី៥ វគ្គ ១៦ក្រុមចុងក្រោយ។
គិតមកទល់នឹងពេលនេះផងដែរ ក្រុមដែលដឹកនាំដោយលោក Pep Guardiola ដែលឈរនៅកំពូលតារាង Premier League ផងនោះ បានស៊ុតបញ្ចូលទីគូប្រកួតបាន ១០៣គ្រាប់ហើយនារដូវកាលនេះ៕