(ភ្នំពេញ)៖ ក្រុមភ្នំពេញក្រោន (ជើងឯកលីគកំពូលកម្ពុជា) និងវិសាខា (ជើងឯកពានសម្ដេចតេជោ ហ៊ុន សែន) បានបង្ហាញសារ «NO WAR» ឬ «បញ្ឈប់សង្គ្រាម» លើអាវរៀងៗខ្លួន ដើម្បីបង្ហាញជំហរប្រឆាំងនឹងរុស្ស៊ី ដែលកំពុងឈ្លានពានប្រទេសអ៊ុយក្រែន។

ការបង្ហាញសារក្នុងន័យស្វែងរកសន្ដិភាពជូនប្រទេស និងពលរដ្ឋអ៊ុយក្រែន ពីសំណាក់ក្រុមជើងឯកនៅកម្ពុជានេះ អំឡុងពេលក្រុមទាំងពីរបានធ្វើការប្រកួតពានរង្វាន់បើករដូវកាលថ្មី Cambodian Super Cup 2022 នៅកីឡដ្ឋានស្ដាតចាស់កាលពីយប់មិញ។

សម្រាប់វិសាខា ពួកគេបានរំលេចសារ «NO WAR» លើឯកសណ្ឋានធ្វើដំណើររបស់ខ្លួន។ មិនតែប៉ុណ្ណោះ ក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ២សម័យនេះ ក៏បានសរសេរសារមួយឃ្លាទៀតគឺ «VISAKHA STAND WITH UKRAINE» មានន័យថា «វិសាខា ឈរខាងអ៊ុយក្រែន ដើម្បីប្រឆាំងនឹងរុស្ស៊ី» ទៀតផង។

ចំណែកក្រុមភ្នំពេញក្រោន បានបង្ហាញសារ «NO WAR» ដែលបានពាក់អបអរក្រោយជ័យជម្នះ ២-១ លើវិសាខាក្នុងពាន Super Cup ខាងលើកាលពីយប់មិញ ហើយក៏ជាសារលើកទឹកចិត្តសមាជិករបស់ខ្លួន ៣រូបដែលជាជនជាតិអ៊ុយក្រែន និងកំពុងមានគ្រួសារស្ថិតនៅប្រទេសកំណើតផងដែរ រួមមានគ្រូបង្គោល លោក Oleg Starynskyi, គ្រូជំនួយលោក Anatolii និងខ្សែប្រយុទ្ធ Valerii Hryshyn ដែរ។

គួរដឹងថា ក្រោយរុស្ស៊ី បើកការវាយប្រហារលើប្រទេសអ៊ុយក្រែនចាប់ពីថ្ងៃទី២៤ ខែកុម្ភៈមក គេឃើញមានប្រតិកម្មទូទាំងពិភពលោក ក្នុងនោះវិស័យបាល់ទាត់ ក៏បានបង្ហាញជំហរប្រឆាំងនឹងសង្គ្រាមនេះដែរ។ ថ្មីៗនេះ សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ក៏ដូចជាសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប (UEFA) ក៏បានសម្រេចព្យួរជើងកីឡាករ និងក្លិបរបស់រុស្ស៊ីទាំងអស់ មិនឲ្យចូលរួមក្នុងកម្មវិធីនានាទៀតផង៕