(ក្រុងឡុងដ៍)៖ អ្នកចាត់ការទូទៅក្លិប Leicester City លោក Brendan Rodgers បាននិយាយថា ពេលខ្សែប្រយុទ្ធ Jamie Vardy ត្រឡប់មកវិញ រឹតតែធ្វើឲ្យក្រុមមានសន្ទុះខ្លាំងឡើង ដ្បិតរូបគេរកបាន ១គ្រាប់ និងបញ្ជូន ១គ្រាប់ដូចគ្នា ក្នុងជ័យជម្នះ ២-០ ទៅលើក្រុមបាតតារាង Burnley នាយប់មិញនេះក្នុងលីគ។
នេះក៏ជាជ័យជម្នះលើកដំបូងផងដែររបស់ក្រុមកញ្ជ្រោងខៀវ Leicester City ក្នុងឆ្នាំ២០២២ នៅពេលក្រុមទាំងពីរក៏បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ កាលពីជើងទី១ នៅទឹកដី King Power ក្នុង Premier League ដូចគ្នា។
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស វ័យ ៣៥ឆ្នាំ Vardy ត្រូវបានប្តូរចូលនៅនាទី៧២ ជំនួសមិត្តរួមក្រុម Patson Daka ពីការបង្ហាញខ្លួនលើកដំបូងរបស់គេផងដែរក្នុងឆ្នាំថ្មីនេះ នៅពេលទើបជាពីបញ្ហារបួស ក្នុងការរកបានគ្រាប់ទី១០ របស់គេផងដែរឲ្យ Leicester City ក្នុងរដូវកាលនេះ។
Vardy បានអវត្តមានដោយសារបញ្ហារបួសសរសៃពួរជើងរហូតមក គិតចាប់តាំងពីជួយ Leicester យកឈ្នះ Liverpool ១-០ នៅទឹកដី Anfield មុនពេលធ្វើដំណើរទៅកីឡដ្ឋាន Turf Moor ដែលជាជ័យជម្នះម្តងនៅទឹកដីក្រៅផ្ទះ និងធ្វើឲ្យក្រុមឈរលេខរៀងទី១២ បណ្តោះអាសន្នជាមួយ ៣០ពិន្ទុ នៅពេលគូប្រជែង Burnley ឈរនៅលេខ១៨ ក្នុងតំបន់កាត់ចោល ដោយមានតែ ២១ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់បាន ២៥ប្រកួត៕