(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toshiba បានប្រកាសជាផ្លូវការថា នាយកប្រតិបត្តិក្រុមហ៊ុន លោក Satoshi Tsunakawa បានលាលែងពីដំណែង ហើយប្រធានផ្នែកឌីជីថល លោក Taro Shimada នឹងឡើងកាន់តំណែងនេះជំនួសវិញ ដែលការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ក្រៅផ្លូវការមួយពីសំណាក់សារព័ត៌មាន Nikkei ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា លោក Satoshi Tsunakawa គឺបានលាលែងពីតំណែងភ្លាមៗ ដោយមិនបញ្ជាក់មូលហេតុ ប៉ុន្តែប្រភពជិតស្និទ្ធបានបង្ហើបឲ្យដឹងថា ការចាកចេញរបស់គាត់ត្រូវបានធ្វើឡើង បន្ទាប់ពីមានការរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ និងបានជំរុញឱ្យមានការប្រឆាំងនៅក្នុងក្រុមហ៊ុន ជាពិសេសគឺមានការខឹងសម្បាពីម្ចាស់ភាគហ៊ុន។

ដោយឡែកលោក Taro Shimada បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តអនុវត្តផែនការយុទ្ធសាស្ត្រដែលមាននាពេលបច្ចុប្បន្ន និងដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

កាលពីឆ្នាំមុន ក្រុមហ៊ុនមួយនេះមានផែនការបំបែកខ្លួនជាបី ប៉ុន្តែវាត្រូវបានរិះគន់យ៉ាងខ្លាំងដោយម្ចាស់ភាគហ៊ុន និងមូលនិធិការពារហានិភ័យបរទេស ដោយក្នុងនោះបានលើកឡើងថា ភាគច្រើនចូលចិត្តការលក់ទៅឱ្យក្រុមហ៊ុនភាគហ៊ុនឯកជន។ ប៉ុន្តែផែនការខាងលើ ក៏ត្រូវបានកែសម្រួលកាលពីខែមុន ដែលបានអំពាវនាវឱ្យមានការបំបែកជាក្រុមហ៊ុនពីរ និងការលក់អាជីវកម្មផ្សេងទៀត ប៉ុន្តែក៏មានការមិនពេញចិត្តផ្ទៃក្នុងផងដែរ នេះបើយោងតាមប្រភពពីរដែលដឹងពីបញ្ហានេះ។

លោក Shimada បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Toshiba កាលពីបីឆ្នាំមុន ដោយនៅមុនពេលលោកឈានជើងចូលក្រុមហ៊ុន Toshiba គឺគាត់ជានាយកប្រតិបត្តិនៅក្រុមហ៊ុន Siemens និងជាប្រធានក្រុមហ៊ុនសូហ្វវែរមួយរបស់សហរដ្ឋអាមេរិក។ Shimada បានចាប់ផ្តើមអាជីពរបស់គាត់ជាវិស្វករយន្តហោះ ហើយបានចូលរួមនៅក្នុងការអភិវឌ្ឍន៍យន្តហោះយោធានៅ ក្រុមហ៊ុន ShinMeiwa Industries និង Boeing៕