(បរទេស)៖ ប៉ុន្មានថ្ងៃបន្ទាប់ពីបានទៅរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន ផ្ទាល់ ដើម្បីថតភាពយន្តឯកសាររបស់ខ្លួន ស្តីពីការឈ្លានពានរបស់រុស្ស៉ីទៅលើប្រទេសអ៊ុយក្រែន, តារាភាពយន្តហូលីវូដ និងជាអ្នកដឹកនាំរឿងល្បីឈ្មោះអាមេរិក Sean Penn បានស្ថិតក្នុងចំណោមហ្វូងជនភៀសខ្លួនរាប់រយនាក់ ដែលបានធ្វើដំណើរដោយថ្មើរជើងចេញពីប្រទេសអ៊ុយក្រែន ដែលកំពុងមានសង្គ្រាម ទៅកាន់ប្រទេសប៉ូឡូញ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។
តារាប្រុសវ័យ៦១ឆ្នាំ រូបនេះ បានបង្ហោះរូបថតមួយសន្លឹកទៅក្នុង Twitter ដោយអះអាងថា លោកនិងសហការីពីរនាក់ទៀត បានធ្វើដំណើរដោយថ្មើរជើងអស់ជាច្រើនម៉ាយល៍ ទៅកាន់ព្រំដែននៃប្រទេសប៉ូឡូញ បន្ទាប់ពីបោះបង់ចោលរថយន្តនៅតាមដងផ្លូវ ខណៈរថយន្តភាគច្រើននៅតាមដងផ្លូវ គឺដឹកតែស្ត្រី និងកុមារ ដែលជាជនភៀសខ្លួន ហើយមិនមានអីវ៉ាន់ច្រើននោះទេ។
ផលិតករ Penn ម្ចាស់ពានរង្វាន់ Grammy Award ដែលគេដឹងថា ជាអ្នកគាំទ្រអ៊ុយក្រែនផងនោះ ត្រូវបានគេដឹងថា បានទៅរដ្ឋធានីកៀវ នៅថ្ងៃទី១ នៃការចូលឃ្លានពានរបស់រុស្ស៉ីមកកាន់ប្រទេសអ៊ុយក្រែន ហើយលោក បានទៅថតទិដ្ឋភាពនៅទីនោះ ដោយផ្ទាល់ ដើម្បីបញ្ចូលក្នុងភាពយន្តឯកសាររបស់ខ្លួន ជាពិសេសលោកបានចូលរួមក្នុងសន្និសីទសារព័ត៌មានមួយ នៅការិយាល័យប្រធានាធិបតី Volodymyr Zelenskiy នៅថ្ងៃដំបូងនៃការឈ្លានពានរបស់រុស្ស៊ីផងដែរ។
អ្នកនាំពាក្យរបស់ផលិតកររូបនេះ បានថ្លែងប្រាប់សារព័ត៌មាន Reuters ថា លោកបានភៀសខ្លួនទៅកាន់ប្រទេសប៉ូឡូញដោយសុវត្ថិភាព ប៉ុន្តែបដិសេធមិនឆ្លើយសំនួរមួយចំនួនផ្សេងទៀត អំពី កន្លែង លាក់ខ្លួន របស់ លោក ឬ កាលៈទេសៈ នៃ ការ ចាកចេញ របស់ លោកពី អ៊ុយក្រែន៕