(បរទេស)៖ និយតករប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីទាមទារឱ្យ Meta Platforms Inc ដែលជាមេធំរបស់ Facebook ដកការរាំងខ្ទប់ចំពោះការចូលប្រើប្រាស់នៅលើគណនីសារព័ត៌មាន RT និង Sputnik បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។
កាលពីម្សិលមិញ Meta Platforms Inc ដែលជាក្រុមហ៊ុនធំរបស់ Facebook បានប្រកាសឲ្យដឹងរួចហើយថា ខ្លួននឹងធ្វើការរាំងខ្ទប់មាតិការបស់សារព័ត៌មានរុស្ស៊ី RT និង Sputnik នៅជុំវិញសហភាពអ៊ឺរ៉ុប។
ដោយលោក Nick Clegg ប្រធានកិច្ចការសកលរបស់ Meta បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា ក្រុមហ៊ុនរបស់ខ្លួនទទួលបានការស្នើសុំពីសំណាក់រដ្ឋាភិបាលនៃប្រទេសមួយចំនួននៅក្នុងតំបន់សហភាពអ៊ឺរ៉ុប ក្នុងគោលបំណងឲ្យធ្វើការរាំងខ្ទប់មាតិការបស់សារព័ត៌មាន RT ដែលជាទូរទស្សន៍រដ្ឋរបស់រុស្ស៊ី និងភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ី។
គិតមកដល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក មាន Google, Microsoft, YouTube, Tiktokនិង Twitter រួមទាំង Meta បាននាំគ្នាធ្វើការរាំងខ្ទប់មាតិការបស់សារព័ត៌មាន RT និង Sputnik ខណៈដែលសហភាពអ៊ឺរ៉ុបមានសម្រេចជាផ្លូវការឲ្យមានការរាំងខ្ទប់មាតិការបស់សារព័ត៌មានទាំងពីរនៅក្នុងតំបន់ភូមិសាស្ត្រសហភាពអឺរ៉ុប៕