(សៀមរាប)៖ នៅសាលសន្និសីទអង្គរនៃអាជ្ញាជាតិអប្សរាបានបើកវគ្គបណ្តុះបណ្តាលជំនាញស្តីពីបទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ ជូនដល់មន្ត្រី-បុគ្គលិកមកពីនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ រួមទាំងនិស្សិតមហាវិទ្យាស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈសរុបចំនួន១០០នាក់ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាព និងផ្តល់ចំណេះដឹងបន្ថែមដល់មន្ត្រី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា និងនិស្សិតលើការងារពិនិត្យវាយតម្លៃអំពីសំណង់ និងការស្វែងយល់ស៊ីជម្រៅពីបទដ្ឋានច្បាប់នៃការគ្រប់គ្រងសំណង់ក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងនិតិវិធីក្នុងការចុះសម្របសម្រួលការងារប្រកបដោយប្រសិទ្ធភាព ស្របតាមទិសដៅរបស់អាជ្ញាធរជាតិអប្សរា ជាពិសេសដើម្បីអប់រំ និងផ្សព្វផ្សាយចំណេះដឹងដល់និស្សិតលើកិច្ចការរបស់អាជ្ញាធរជាតិអប្សរា និងការគ្រប់គ្រងរមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោក។
វាគ្មិនលោក ស៊ឹម ប៊ុនធឿន និងជាអនុប្រធាននាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានធ្វើបទបង្ហាញ៤ចំណុចសំខាន់ៗដល់សិក្ខាកាម រួមមាន៖ ១.ច្បាប់គតិយុត្ត(ការគ្រប់គ្រង និងប្រើប្រាស់ដី ការបដិសេធច្បាប់សាងសង់ ការអនុញ្ញាតច្បាប់សាងសង់) ២.សំណង់លំនៅដ្ឋានខ្មែរ(លក្ខណៈទូទៅនៃផ្ទះខ្មែរ ប្រភេទសំណង់នៃផ្ទះខ្មែរ លក្ខណៈបច្ចេកទេសនៃការសាងសង់ផ្ទះខ្មែរ និងការតុបតែងកែលម្អ) ៣.ការផ្លាស់ប្ដូរសំណង់ផ្ទះខ្មែរ និងទី៤. គោលការណ៍របស់អាជ្ញាធរជាតិអប្សរាក្នុងការគ្រប់គ្រងលំនៅដ្ឋានប្រពៃណីក្នុងឧទ្យានអង្គរ។
ក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹងនេះទៅអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីធ្វើឱ្យប្រសើរឡើងនូវបទដ្ឋានក្នុងការរៀបចំដីធ្លី និងការគ្រប់គ្រងសំណង់ក្នុងរមណីយដ្ឋានអង្គរ៕