(ភ្នំពេញ)៖ បុរី ណាឌី នឹងមានការប្រកាស បើកកម្មវិធីប្រកួតគំនូរកុមារជំនាន់ទីមួយ នៅក្នុងខណ្ឌជ្រោយចង្វារ សម្រាប់កុមារ ដែលមានអាយុចាប់ពី ៦ ដល់ ១០ ឆ្នាំដោយមានកិច្ចសហការ ពីសាលាអន្តរជាតិ អន្តរជាតិប៊ែលធី និងសាលារៀន អន្តរទ្វីប អាមេរិកាំង ក្រោមប្រធានបទ «គ្រួសារខ្ញុំ សុភមង្គលរបស់ខ្ញុំ»។
លោក Eric Chong នាយកប្រតិបត្តិនៃក្រុមហ៊ុន GC Empire បានមានប្រសាស៍ថា «ចាប់តាំងពីកូវីដ១៩ មានវត្តមាននៅប្រទេសកម្ពុជាមក គ្រប់ទីកន្លែងត្រូវបាន ផ្អាកដំណើរការមួយ រយៈពេល ជាពិសេសនោះគឺសាលារៀន។ ដោយសារតែក្មេងៗដែលមាន ទេពកោសល្យជាច្រើន មិនអាចទៅសាលារៀនដើម្បីរៀន លេងសប្បាយ និងបង្ហាញទេពកោសល្យរបស់ពួកគេ យើងមានមោទនភាពក្នុងការបង្កើត "កម្មវិធីប្រកួតគំនូរកុមារ" ដោយចង់ឱ្យ កុមារបង្ហាញ ពីការស្រមើលស្រមៃ និងសមត្ថភាព របស់ពួកគេទៅកាន់ពិភពលោក»។
លោកបន្តថា «គំនូរ គឺជាផ្នែកសិល្បៈដ៏សំខាន់មួយក្នុងការលូតលាស់របស់កុមារ ជាពិសេសការ អភិវឌ្ឍន៍ភាព វៃឆ្លាតខាងអារម្មណ៍។ ពួកគេអាចរៀនទប់ទល់នឹង ភាពតានតឹងដោយការសម្រួល និងគ្រប់គ្រងអារម្មណ៍។ កុមារគឺជាអនាគត ប៉ុន្តែយើងមិនអាចគិតពីអនាគត ដោយមិនគិត ពីថ្ងៃនេះបានទេ។ នេះហើយជាមូលហេតុដែលខ្ញុំតែងតែគិតថា យើងគួរតែគិតគូរដល់ សុខុមាល ភាពរបស់កុមារជាអាទិភាពជានិច្ច។ ខ្ញុំសូមជូនពរឱ្យមាតាបិតាទាំងអស់ចាប់យកនូវឱកាសនេះនិងចូលរួមក្នុងការប្រកួតនេះ។ សូមមានពេលវេលារីករាយក្នុងក្រុមគ្រួសារ»។
រាល់ស្នាដៃគំនូរទាំងអស់ ត្រូវតែយកមកដាក់នៅការិយាល័យ លក់បុរីណាឌី ត្រឹមថ្ងៃកំណត់។ ដើម្បីធានាបាននូវភាពយុត្តិធម៌ និងតម្លាភាពនៃការប្រកួតនេះ ខាងក្រុមការងារបានបង្កើតគណៈកម្មាការ ដោយមានតំណាងពីខាងសាលានីមួយៗ រួមទាំងលោក Eric Chong នាយកប្រត្តិរបស់ក្រុមហ៊ុន GC Empire បានមកធ្វើជាអ្នកដាក់ពិន្ទុផ្ទាល់ ក្នុងការប្រកួតគូរគំនូរមូយនេះ ហើយនឹងមានការបោះឆ្នោត តាមប្រព័ន្ធ អនឡាញផងដែរ។
គ្រប់ស្នាដៃគំនូរទាំងអស់នឹងដាក់តាំងបង្ហាញនៅក្នុងការិយាល័យលក់បុរី ណាឌី ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នេះតទៅ រហូតដល់ថ្ងៃប្រកាសលទ្ធផលនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។
បុរីណាឌី គឺជាគម្រោងអភិវឌ្ឍន៍សហគមន៍ដ៏ប្រណិតថ្មីមួយ រួមនឹងការរស់នៅបែបទំនើបទាន់ សម័យ ជាមួយនឹងធម្មជាតិ ដែលមានទីតាំងនៅខណ្ឌជ្រោយចង្វារ។ ការអភិវឌ្ឍន៍លំនៅដ្ឋានទំហំ ៣៤ហិចតា នេះមានលក្ខណៈពិសេស ជាច្រើននៃគេហដ្ឋានលំដាប់ស្តង់ដា ដែលត្រូវបានសាងសង់ឡើង ជាមួយនឹងការរចនាសោភ័ណភាពពិសេស នៅក្នុងទេសភាពដ៏ស្ងប់ស្ងាត់ដែលហ៊ុព័ទ្ធដោយរុក្ខជាតិបៃតងដែលមិនធ្លាប់មាន និងស្ថិតនៅតាមបណ្តោយដងទន្លេដែលកំណត់អត្តសញ្ញាណភូមិសាស្ត្ររបស់រាជធានីភ្នំពេញ។ បុរីណាឌី គឺជាគម្រោងមួយក្នុងចំណោមគម្រោង GC Empire ក្រោមក្រុមហ៊ុមសម្ព័ន្ធ ជីស៊ីស៊ី៕