(បរទេស)៖ អ្នកនាំពាក្យរបស់ក្រុមហ៊ុន TikTok បានប្រកាសបង្ហាញនៅថ្ងៃច័ន្ទថា ឥឡូវនេះ TikTok បានអនុញ្ញាតដាក់ឱ្យប្រើប្រាស់នូវមុខងារថ្មីជាផ្លូវការ និងជាសកល ដល់អ្នកដែលនិយមចូលចិត្តលេងបណ្តាញសង្គម TikTok ។ដោយមុខងារថ្មីនោះគឺអ្នកប្រើប្រាស់អាចបង្ហោះវីដេអូបានរហូតដល់ទៅ ១០នាទីដែលជាប្រភេទវីដេអូវែង។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។
មុខងារថ្មីដែលអាចបង្ហោះវីដេអូបានដល់ទៅ ១០នាទីនេះជាមុខងាពិសេសមួយដែលអាចទាញចំណាប់អារម្ភអ្នកប្រើប្រាស់បានកាន់តែច្រើន ហើយក៏អាចមានភាពងាយស្រួសសម្រាប់ Creator ក្នុងការរកប្រាក់ចំណូលអនឡាញ (Monetize) និងបង្កើតវីដេអូបានវែងជាងមុនផងដែរ។
បើយោងតាមលោក Matt Navarra អ្នកជំនាញប្រឹក្សាយោបល់ Social Media បានបញ្ជាក់ថា TikTok កំពុងតែគិតគូរក៏ដូចជាផ្តល់មធ្យោបាយថ្មីៗដែលមានប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងអស់ មួយវិញទៀតការដាក់ចេញនូវវីដេអូរយៈពេលវែងដូចនេះគឺដើម្បីឱ្យ Creator អាចមានពេលវេលាច្រើនក្នុងការផលិតវីដេអូដាក់ TikTok។
គួរជម្រាបដែរថា កាលពីឆ្នាំ២០២១ កន្លងទៅ TikTok ធ្លាប់បានបើកការសាកល្បងឱ្យ Creator បង្ហោះវីដេអូដែលមានរយៈពេលចន្លោះចាប់ពី ៥ទៅ១០នាទីរួចទៅហើយ៕