(បរទេស)៖ តារាចម្រៀងល្បីៗមួយចំនួននៅលើពិភពលោក បាននាំគ្នាប្រឆាំងនឹងលោក ពូទីន ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ខណៈតារាមួយចំនួន ដូចជាអ្នកដឹកនាំវង់តន្រ្តីរុស្ស៉ី លោក Valery Gergiev ត្រូវបានដឹងថា ប្រឈមនឹងការបាត់បង់ការងារសិល្បៈរបស់ខ្លួនទាំងស្រុង ព្រោះតែអ្នកដឹកនាំរូបនេះ បង្ហាញការគាំទ្រចំពោះ លោក ពូទីន។ ជាក់ស្តែង តារាចម្រៀងអូប៉េរ៉ារុស្ស៉ី Anna Netrebko ត្រូវបានគេមើលឃើញថា បានបង្ខំចិត្តរិះគន់ ពូទីន ដោយប្រយោល ក្រោយរងសម្ពាធពីមជ្ឈដ្ឋានជុំវិញខ្លួន ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន DW។
មហោស្រព Metropolitan នៅទីក្រុងញូវយ៉ក បានចេញសេចក្តីប្រកាសនៅថ្ងៃអាទិត្យកន្លងទៅនេះថា ពួកគេនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយសិល្បករណា ដែលមានទំនាក់ទំនង និងគាំទ្រ ប្រធានាធិបតីរុស្ស៉ី វ្លាឌីមៀ ពូទីន ខណៈរោងល្ខោនអូប៉េរ៉ាផ្សេងទៀតនៅជុំវិញពិភពលោកកំពុងមានប្រតិកម្មស្រដៀងគ្នានេះដែរ។
តារាម្នាក់ក្នុងចំណោមតារា ដែលរងផលប៉ះពាល់ដោយផ្ទាល់ ជុំវិញការសម្រេចចិត្តខាងលើ ក៏មានតារាចម្រៀងអូប៉េរ៉ាជនជាតិរុស្ស៉ី Anna Netrebko ផងដែរ ព្រោះនាងត្រូវបានគេដឹងថា មានទំនាក់ទំនងជាមួយ ប្រធានាធិបតីរុស្ស៉ី វ្លាឌីមៀ ពូទីន និងមានគម្រោង បង្ហាញខ្លួននៅវង់តន្រ្តីអូម៉េរ៉ា «Turandot» នៅថ្ងៃតី៣០ ខែមេសាផងដែរ។ តែយ៉ាងណា គេបានដឹងថា ការប្រគំតន្ត្រីមួយរបស់នាង ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅនោះ ត្រូវបានលុបចោលរួចជាស្រេចហើយ បន្ទាប់ពីគេរកឃើញថា នាងមានទំនាក់ទំនងជាមួយលោកពូទីន។
២ថ្ងៃ ក្រោយការប្រគំតន្រ្តីរបស់នាងត្រូវបានលុបចោល តារារូបនេះនិងប្តីរបស់នាង ត្រូវបានគេដឹងថា ហាក់បង្ខំចិត្តក្នុងការចេញលិខិតមួយ ក្នុងន័យអំពាវនាវឲ្យបញ្ឈប់សង្គ្រាម តែមិនបានដាក់ឈ្មោះលោក ពូទីន ចំៗនោះទេ ដោយគ្រាន់តែនិយាយថា នាងចង់ឲ្យសង្គ្រាមបញ្ចប់និងចង់ឃើញមនុស្សគ្រប់រូបរស់នៅក្នុងសន្តិភាព នេះជាអ្វីដែលនាងសង្ឃឹម និងបួងសួង។
នាងថែមទាំងសង្កត់ធ្ងន់ថា «ការ បង្ខំ សិល្បករ ឬ បុគ្គលសាធារណ ឲ្យ បញ្ចេញ មតិ នយោបាយ ជា សាធារណៈ និង បរិហារ មាតុភូមិ ខ្លួន មិន ត្រឹមត្រូវឡើយ។ វាជាសេរីភាពនៃការជ្រើសរើស។ ខ្ញុំមិនមែនជាអ្នកនយោបាយឡើយ។ ខ្ញុំមិនមានជំនាញខាងធ្វើនយោបាយទេ»៕