(ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រកួតបាល់ទះ Special Volleyball League 2022 បានប្រកាសជ្រើសរើសក្រុមដណ្តើមយកជើងឯកប្រចាំឆ្នាំ ខណៈការប្រកួតគ្រោងដំណើការរយៈពេល៤ខែ ដោយចាប់ពីខែមីនា ដល់ខែកក្កដា ឆ្នាំ២០២២។
លោក ប៉េង សុវណ្ណណូ ប្រធានប្រតិបត្តិគណៈកម្មការ Special Volleyball League 2022 បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ពានរង្វាន់នេះជាការប្រកួតលក្ខណៈលីគបាល់ទះដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបានគាំទ្រពីសហព័ន្ធកីឡាបាល់ទះកម្ពុជា។
គោលបំណងនៃការរៀបចំកម្មវិធីប្រកួតនេះ គឺចង់ចូលរួមលើកស្ទួយវិស័យកីឡាបាល់ទះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ក៏ដូចជាពង្រឹងសមត្ថភាពរបស់កីឡាករ និងដកស្រង់បច្ចេកទេសពីបណ្តាក្រុមកីឡាបាល់ទះតាមខេត្ត និងក្រុម ដើម្បីត្រៀមលក្ខណៈសម្បត្តិក្នុងការប្រកួតដណ្តើមពានរង្វាន់ថ្នាក់អន្តរជាតិនាពេលខាងមុខ។
កម្មវិធីប្រកួតប្រជែងដណ្តើមពានរង្វាន់ Special Volleyball League 2022 រៀបចំនៅទីលានបាល់ទះវិសាខា ដោយកំណត់យកក្រុមចូលរួមចំនួន ១២ក្រុម ព្រមទាំងចាប់ទទួលពាក្យពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ខណៈកាលបរិច្ឆេទនៃការប្រកួតចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២២។
បើតាមលោក ទែន ឡន ប្រធានអនុគណៈកម្មការបច្ចេកទេស បានបញ្ជាក់ថា ការប្រកួតនេះកំណត់ឱ្យក្រុមទាំង ១២ប្រកួតវិលជុំ ហើយក្រុមដែលមានចំណាត់ថ្នាក់ល្អជាងគេចំនួន៤ ក្រុមនឹងត្រូវប្រកួតខ្វែងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្តដល់វគ្គផ្ដាច់ព្រ័ត្រយកជើងឯក ប្រចាំឆ្នាំតែម្តង។
លោក Franz Josef Brune Brew ជាតំណាងរបស់ក្រុមហ៊ុន Ganzberg Beer បានថ្លែងអំណរគុណដល់គណៈកម្មការរៀបចំការប្រកួត ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនរបស់លោក ចូលរួមក្នុងព្រឹត្តិការណ៍Special Volleyball League 2022 ដែលជាផ្នែកមួយជួយជំរុញវិស័យកីឡាបាល់ទះកម្ពុជា ឱ្យកាន់តែកក្រើកថែមទៀត មុនកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៉ីហ្គេមឆ្នាំ២០២២ ខាងមុខ។
លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ចាត់ទុកថា នេះជាការចូលរួមអភិវឌ្ឍន៍ និងលើកស្ទួយវិស័យកីឡាបាល់ទះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកសង្ឃឹមថា វិស័យកីឡាបាល់ទះនៅកម្ពុជា នឹងកាន់តែទទួលការចាប់អារម្មណ៍ពីមហាជនជាពិសេស នឹងមានការប្រកួតប្រជែងខ្ពស់ថ្នាក់ជាតិ និងអន្តរជាតិ។
សម្រាប់ក្រុមដែលឈ្នះជើងឯក Special Volleyball League 2022 នឹងទទួលបានទឹកប្រាក់ ២០លានរៀល លេខ២ ទទួលបាន៨លានរៀល លេខ៣ ទទួលបាន ៤លានរៀល។ ក្នុងនោះដែរក៏មានការផ្ដល់រង្វាន់សម្រាប់កីឡាករជាឯកត្តជនដែល រួមមានកីឡាករធ្វើរនាំល្អ វាយប្រយុទ្ធល្អជាងគេ វាយសេវាល្អជាងគេ កីឡាករ Fair Play ម្នាក់៨០ម៉ឺនរៀលផងដែរ។ ជាមួយគ្នានោះដែរ សម្រាប់ក្រុមដែលបានដាក់ពាក្យចួលរួមនឹងទទូលបានប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន ៤លានរៀល ក្នុង១ក្រុមផងដែរ៕
សម្រាប់ក្រុមដែលមានចំណាប់អារម្មណ៍ដាក់ពាក្យចូលរួមប្រកួតប្រជែង សូមទាក់ទងព័ត៌មានបន្ថែមតាមលេខទូរសព្ទ៖ 098 229 192 / 092 580 201