(សៀមរាប)៖ លោក ឡុង កុសល អគ្គនាយករង និងជាតំណាងលោក ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានទទួលជួបជាមួយតំណាងក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ foodpanda (ក្រុមហ៊ុនឌីលីវើរី ហេរ៉ូ (ខេមបូឌា) លោក Patrice Vignes នាយកគ្រប់គ្រង។
នៅក្នុងជំនួបនេះ តំណាងក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ foodpanda មានបំណងស្វែងយល់ពីភារកិច្ចការងារ សកម្មភាពផ្សេងៗក្នុងការលើកស្ទួយ ថែរក្សា គ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក និងស្វែងរកលទ្ធភាពដែលក្រុមហ៊ុនអាចសហការជាមួយអាជ្ញាធរជាតិអប្សរា ស្របទៅតាមទិសដៅ និងបេសកកម្មការងាររបស់អាជ្ញាធរជាតិអប្សរា។
ក្នុងឱកាសនោះ លោក ឡុង កុសល បានលើកឡើងនូវភារកិច្ច និងតួនាទីរបស់អាជ្ញាធរជាតិអប្សរាក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។
ជាមួយគ្នានោះ លោកបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយអាជ្ញាធរជាតិអប្សរា ដោយបញ្ជាក់ថាអាជ្ញាធរជាតិអប្សរានឹងពិនិត្យមើលលទ្ធភាពជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការនេះ៕