(ឡុងដ៍)៖ ក្លិបបាល់ទាត់ Everton បានប្រកាសផ្អាកភាពជាដៃគូឧបត្ថម្ភផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ ជាមួយនឹងបណ្តាក្រុមហ៊ុនរុស្ស៊ី ដូចជាក្រុមហ៊ុន USM Holdings, MegaFon និងក្រុមហ៊ុន Yota ជាមួយនឹងប្រសិទ្ធភាពភ្លាមៗ ដោយសារតែលទ្ធផលនៃការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់ពីក្លិបលេងនៅលីគកំពូលអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។

ក្រុមហ៊ុន USM Holdings និង MegaFon មានការជាប់ពាក់ព័ន្ធនឹងមហាសេដ្ឋីរុស្ស៊ី Alisher Usmanov ដែលបានរងទណ្ឌកម្មដោយសហភាពអឺរ៉ុប ពីការឈ្លានពានដោយរុស្ស៊ីលើអ៊ុយក្រែន។ ដោយឡែក ក្រុមហ៊ុនបណ្តាញទូរសព្ទចល័ត Yota គឺជាផ្នែកមួយរបស់ក្រុមហ៊ុន MegaFon Group។

ក្រុមហ៊ុន USM បានឧបត្ថម្ភទីលានហ្វឹកហាត់ Finch Farm របស់ក្លិបស្ករគ្រាប់ Everton ចាប់តាំងពីឆ្នាំ២០១៧ មក៕