(បរទេស)៖ រដ្ឋចំនួន៨ របស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋកាលីហ្វ័រញ៉ា និងម៉ាសាឈូសេត បានការស៊ើបអង្កេតទៅលើកម្មវិធី TikTok ដោយផ្តោតលើថា តើកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមរបស់ចិនមួយនេះ បានបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពផ្លូវកាយ ឬផ្លូវចិត្តដល់មនុស្សវ័យក្មេងដែរ ឬទេ?

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ការស៊ើបអង្កេតក៏នឹងពិនិត្យមើលផងដែរនូវអ្វីដែលក្រុមហ៊ុនបានដឹងអំពីតួនាទីរបស់ខ្លួនក្នុងការបន្តបង្កគ្រោះថ្នាក់ទាំងនោះ។

ការិយាល័យមេធាវីរដ្ឋម៉ាសាឈូសេត លោក Maura Healey បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការស៊ើបអង្កេតផ្តោតសំខាន់លើវិធីសាស្រ្ត និងបច្ចេកទេសដែលប្រើប្រាស់ដោយ TikTok ដើម្បីបង្កើនការចូលរួមរបស់អ្នកប្រើប្រាស់វ័យក្មេង រួមទាំងការបង្កើនរយៈពេលនៃពេលវេលាដែលបានចំណាយលើវេទិកា និងភាពញឹកញាប់នៃការចូលរួមជាមួយវេទិកា។

TikTok ដែលមានមេធំ ByteDance បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនបានផ្តោតសំខាន់លើសុវត្ថិភាពរបស់អ្នកប្រើប្រាស់វ័យក្មេង និងការកំណត់លក្ខណៈពិសេសតាមអាយុ ពោលគឺយើងបានគិតគូរយ៉ាងល្អិតល្អន់អំពីបញ្ហាដែលបានបង្ហាញឡើងនៅខាងលើ។

Tiktok បានបញ្ជាក់បន្ថែមទៀតថា នៅពេលនេះ ខ្លួនកំពុងទន្ទឹងរង់ចាំក្នុងការផ្តល់នូវព័ត៌មានស្តីពីសុវត្ថិភាព និងការការពារឯកជនភាព ដែលខ្លួនមានសម្រាប់ក្មេងជំទង់ បើសិននិយ័តករ ឬក្រុមស៊ើបអង្កេតត្រូវការ។

ពាក់ព័ន្ធនឹងករណីស្រដៀងគ្នានេះដែរ អគ្គមេធាវីមានការស៊ើបអង្កេតរួចហើយ ទៅលើក្រុមហ៊ុនមេរបស់ Facebook Meta Platforms Inc ទាក់ទងនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Instagram ដែលស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងខ្លាំងលើផលប៉ះពាល់សក្តានុពលនៃសេវាកម្មរបស់ពួកគេទៅលើសុខភាពផ្លូវចិត្ត និងសុវត្ថិភាពអនឡាញរបស់អ្នកប្រើប្រាស់វ័យក្មេង៕