(ប៉េកាំង)៖ ក្រុមអត្តពលិករុស្ស៊ី និងប៊ែលឡារុស ត្រូវបានបង្ហាញថា មិនអាចចូលរួមប្រកួតព្រឹត្តិការណ៍ Winter Paralympics 2022 នាទីក្រុងប៉េកាំង (Beijing) បាននោះទេ នេះបើតាមរបាយការណ៍ពីគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិកីឡាជនពិការ The International Paralympics Committee (IPC) ដែលមានការរិះគន់ជាខ្លាំងដោយអនុញ្ញាតចូលប្រកួតជាអព្យាក្រឹត្យ។

ដំបូងឡើយ IPC បានសម្រេចលក្ខខណ្ឌអាចឲ្យក្រុមអត្តពលិករុស្ស៊ី និងប៊ែលឡារុស ចូលប្រកួតជាលក្ខណៈអព្យាក្រឹត្យ បន្ទាប់ពីមានបញ្ហារវាងការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។

លោក Anderw Parson ប្រធាន IPC បានលើកឡើងចំពោះអត្តពលិកថា «ជនរងគ្រោះដែលរងផលប៉ះពាល់ពីសកម្មភាពរដ្ឋាភិបាលរបស់អ្នក ដោយយើងជឿជាក់យ៉ាងមុតមាំថា កីឡា និងនយោបាយមិនគួររួមបញ្ចូលគ្នាទេ»

គួរបញ្ជាក់ផងថា ព្រឹតិ្តការណ៍កីឡាជនពិការ Winter Paralympics 2022 នាទីក្រុងប៉េកាំង នឹងរៀបចំឡើងនៅថ្ងៃសៅរ៍ ទី០៤ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ខណៈរុស្ស៊ី មានអត្តពលិកប្រមាណ ៧១នាក់ ហើយប៊ែលឡារុស មានចំនួន ១២នាក់បូករួមជាមួយមន្ត្រីផងដែរត្រៀមចូលរួម មុនពេលត្រូវបានហាមឃាត់ទៅវិញ៕