(ភ្នំពេញ)៖ កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEAGF-Council) លើកទី១ នៅកម្ពុជា នឹងរៀបចំនៅខេត្តសៀមរាប នាថ្ងៃទី០៨-១០ ខែមេសាខាងមុខ ដើម្បីពិភាក្សា និងបង្ហាញនូវវឌ្ឍនភាព ស្ដីពីដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោយបញ្ចប់កិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ប្រចាំសប្ដាហ៍ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នេះ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា នេះជាលើកដំបូងហើយដែលកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ត្រូវរៀបចំផ្ទាល់ មានន័យថា សមាជិកទាំងអស់ត្រូវចូលរួមផ្ទាល់នៅកម្ពុជា បន្ទាប់ពីកិច្ចប្រជុំនេះ បានធ្វើតាមប្រព័ន្ធ Online ជាយូរមកហើយ ដោយសារបញ្ហាកូវីដ-១៩ ហើយក៏ជាលើកដំបូង ដែលកម្ពុជាដឹកនាំកិច្ចប្រជុំនេះ បន្ទាប់ពីបណ្ឌិត ថោង ខុន ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបានពន្យល់ទៀតថា មូលហេតុនៃការជ្រើសរើសយកខេត្តសៀមរាប ធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ SEAGF-Council ព្រោះសៀមរាប គឺជាគោលដៅទេសចរណ៍សុវត្ថិភាព ដែលក្រសួងទេសចរណ៍ ព្រមទាំងមតិសាធារណៈ មតិជាតិ និងអន្ដរជាតិបានយល់ឃើញថា សៀមរាប គឺជាគោលដៅទេសចរណ៍សុវត្ថិភាព ដែលភ្ញៀវទេសចរអាចមកប្រជុំផង និងអាចធ្វើដំណើរទេសចរណ៍បានផង។

អ្វីដែលពិសេស កម្ពុជានឹងបង្ហាញនូវមុខមាត់ថ្មីនៃខេត្តសៀមរាប ដែលជាទីតាំងរៀបចំពិធីសុំភ្លើងគប់ ឬភ្លើងអាទិទេពនៅប្រាសាទអង្គរវត្ត ដោយយកចេញពីបារមី និងវត្ថុស័ក្ដិសិទ្ធ ហើយរត់ចេញពីខេត្តសៀមរាប ចេញទៅបណ្ដាប្រទេសអាស៊ាន រួចបន្ដរត់ជុំវិញបឹងទន្លេសាប រហូតដល់ពហុកីឡដ្ឋានជាតិមរតកតេជោ ចំពេលវេលារៀបចំពិធីបើការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការនាល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ តែម្ដង។

បន្ថែមលើនេះ កិច្ចប្រជុំនឹងជជែកលើកិច្ចការជាច្រើន ដូចជាពិភាក្សាអំពីប្រភេទកីឡា និងវិញ្ញាសាប្រកួត លើកកម្ពស់សមភាពយេនឌ័រក្នុងកីឡា និពន្ធបទភ្លេងគោរពទង់ស៊ីហ្គេម ពិសេសស្វែងរកការគាំទ្រ និងការផ្ដល់នូវដំបូន្មាន ក៏ដូចជាបទពិសោធល្អៗពីបណ្ដាប្រទេសទាំងអស់ ដែលធ្លាប់រៀបចំស៊ីហ្គេមពីមុនៗ ដើម្បីជាក្ដីសង្ឃឹម និងការគាំទ្រពេញទំហឹងក្នុងការធ្វើជាម្ចាស់ផ្ទះលើកដំបូងនៅកម្ពុជានេះ។ លោក វ៉ាត់ ចំរើន បញ្ជាក់៕